Apple នឹងត្រួតពិនិត្យរូបថតមុនពេល Upload ចូល iCloud ដើម្បីស្វែងរករូបភាពដែលរំលោភបំពានលើកុមារ
(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹង ចាប់ផ្ដើមដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដើម្បី ធ្វើការត្រួតពិនិត្យទៅលើរូបថតដែលមាននៅលើ iPhone របស់អ្នកប្រើប្រាស់នៅអាមេរិក មុនពេលពួកគេធ្វើការ Upload ចូលក្នុង iCloud ដើម្បីឱ្យច្បាស់ថារូបថតទាំងនោះពុំមានជាប់ពាក់ព័ន្ធនឹងអំពើរំលោភបំពានលើកុមារ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអំពើរំលោភបំពាន លើកុមារ ជាពិសេសគឺការរំលោភបំពានលើផ្លូវភេទកុមារនោះ ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតរបស់អ្នកប្រើប្រាស់ iPhone ទាំងអស់នៅអាមេរិក ប៉ុន្តែការត្រួតពិនិត្យនេះនឹងត្រូវធ្វើឡើងសម្រាប់ តែរូបថតដែល Upload ចូល iCloud ប៉ុណ្ណោះ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា វាគឺជាកម្មភាពមួយក្នុងចំណោមសកម្មភាពរំលោភបំពានរាប់ពាន់លានករណី ប៉ុន្តែយ៉ាងហោចណាស់ក៏ Apple អាចចូលរួមទប់ស្កាត់បានខ្លះ និងបានចូលរួមចំណែកផងដែរ។
សម្រាប់ការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីនេះ មិនត្រូវបាន Apple បញ្ជាក់លម្អិតឡើយ គ្រាន់តែដឹងថា ចំពោះរូបថតដែលអ្នកប្រើប្រាស់ មិនបាន Upload ចូលក្នុង iCloud គឺស្ថិតក្រោមការត្រួតពិនិត្យឡើយ ដោយសារតែវារំលោភលើសិទ្ធិជាឯកជនភាព ប៉ុន្តែសម្រាប់រូបថតដែល បាន រកឃើញថាបានរំលោភបំពានលើកុមារនោះ Apple នឹងរាយការណ៍ទៅកាន់សមត្ថកិច្ចដោយផ្ទាល់តែម្ដង។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Google, Facebook និង Microsoft ក៏បានចាប់ផ្ដើមអនុវត្តវិធានការដូចគ្នានេះផងដែរ ដើម្បីទប់ស្កាត់អំពើ ហិង្សា និងការរំលោភបំពានលើកុមារ៕