(អាមេរិក)៖ ក្រុមហ៊ុន PayPal Holdings Inc នឹងអនុញ្ញាតឱ្យអតិថិជននៅចក្រភពអង់គ្លេស អាចទិញ លក់ និងកាន់កាប់រូបិយប័ណ្ណ bitcoin និងរូបិយប័ណ្ណឌីជីថល (cryptocurrencies) ផ្សេងទៀត ចាប់ពីផ្តើមនៅសប្តាហ៍នេះតទៅ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

នេះគឺជាសេចក្ដីប្រកាសថ្មីមួយ និងដំបូងសម្រាប់ក្រុមហ៊ុន PayPal ក្នុងពង្រីកសេវាកម្មទៅលើការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណឌីជីថល ទៅ កាន់ពិភពលោក ក្រៅពីសហរដ្ឋអាមេរិក ហើយវាក៏ជាឱកាសថ្មីមួយសម្រាប់ PayPal ក្នុងការពង្រីកទីផ្សារ និងបង្កើនអតិថិជន ខណ:ដែល រូបិយប័ណ្ណឌីជីថល កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង។

តំណាងក្រុមហ៊ុន PayPal បានលើកឡើងថា ក្រុមហ៊ុន PayPal បានសង្ឃឹមថា ការដាក់ឱ្យប្រើសេវាកម្មទូទាត់រូបិយប័ណ្ណឌីជីថលនេះ ចក្រភព អង់គ្លេសនេះ នឹងជួយជំរុញឱ្យការប្រើប្រាស់កាក់លុយសិប្បនិម្មិតមួយនេះកាន់តែទូលំទូលាយ និងរៀបចំបណ្តាញរបស់ខ្លួន សម្រាប់រូបិយប័ណ្ណឌីជីថលថ្មី ដែលអាចត្រូវបានបង្កើតឡើងដោយសាជីវកម្ម និងធនាគារកណ្តាល។

អ្នកនាំពាក្យរបស់ PayPal បានបញ្ជាក់ថា ក្រោមកិច្ចសហការ និងទទួលបានគាំទ្រពីសំណាក់រដ្ឋាភិបាលអង់គ្លេស ខ្លួននឹងបន្តកិច្ចសហការ នេះ ឱ្យកាន់តែល្អប្រសើរឡើងដើម្បីឱ្យការផ្ដល់សេវាកម្ម រូបិយប័ណ្ណឌីជីថលនៅក្នុងចក្រភពអង់គ្លេសឱ្យដំណើរការទៅបានដោយរលូន ហើយ PayPal នឹងបន្តសហការជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកក្នុងការផ្ដល់សេវាកម្មមួយនេះបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា PayPal បានប្រកាសកាលពីខែតុលា ឆ្នាំ២០២០ ថានឹងដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់រូបិយប័ណ្ណឌីជីថល នៅសហរដ្ឋ អាមេរិកនៅដើមឆ្នាំ២០២១ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា ឆ្នាំ២០២១ ដោយក្នុងនោះអតិថិជនអាចទិញ លក់ និងកាន់កាប់ រូបិយប័ណ្ណឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង