បឹងកេត និង វិសាខា មានភាគរយជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២២!
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ហើយកាលពីម្សិលមិញ ។ ក្លិបបឹងកេតបានយកឈ្នះក្លិប អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ដែល៣គ្រាប់របស់បឹងកេតរកបានដោយកីឡាករ ម៉ាត់ នូរុណ ២គ្រាប់ នៅនាទីទី ២៥ និង ៩០ និង១គ្រាប់ទៀតដោយកីឡាករខ្សែការពារ សេត រូស៊ីប នៅនាទីទី ២២ ។ ចំនែកនៅទឹកដី RSN ក្លិបភ្នំពេញក្រោនបានបរាជ័យក្រោមថ្វីជើងវិសាខាដោយលទ្ធផល ១ទល់២ ដោយ១គ្រាប់នាំមុខរបស់វិសាខារកបានដោយកីឡាករ អ៊ុក សុវណ្ណ នៅនាទីទី ៦ បន្ទាប់មកភ្នំពេញក្រោនព្យាយាមសំរុករកគ្រាប់បាល់តាមស្មើរមកវិញដោយកីឡាករ យ៉ែម ដេវីត នៅនាទីទី១៦ និងកីឡាករ រឹង ប៊ុនហៀង សុតបន្ថែមគ្រាប់ទី២ឱ្យវិសាខា នៅនាទីទី ៥១ ហើយនាទីដែលនៅសេសសល់មិនមានក្រុមណាសុតគ្នាទៀតទេ រក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត ។គួរបញ្ជាក់ឱ្យដឹងផងដែរថា ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយអគ្គិសនីទទួលបឹងកេតនៅកីឡដ្ឋានអគ្គិសនី និងវិសាខាទទួលភ្នំពេញក្រោននៅពហុកីឡដ្ឋានព្រីនស៍។ សូមជម្រាបជូនដែរថា តាមការគ្រោងទុកវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នឹងធ្វើនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ ប៉ុន្តែទីកន្លែងប្រកួតមិនទាន់កំណត់នៅឡើយ៕