ប្រធានស្ដីទី OCA ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន ក្រោយទទួលរៀបចំមហាសន្និបាត ដោយជោគជ័យ និងការចងចាំដ៏ល្អសម្រាប់អ្នកចូលរួម!

(ភ្នំពេញ)៖ លោក ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានដឹកនាំ និងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិក អាស៊ីលើកទី៤១ប្រកបដោយភាពជោគ ជ័យ និងការចងចាំដ៏ល្អសម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីដើមខែតុលាកន្លងទៅ។

យោងតាមលិខិតរបស់ប្រធានស្ដីទី OCA ដែលបានផ្ញើជូនឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ខាងលើ បានបញ្ជាក់ថា «សូមទទួលយក ការគោរពដ៏ជ្រាលជ្រៅល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅរាជធានីភ្នំពេញទទួលបានជោគជ័យ»។

ដោយមហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាង ល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ប្រតិភូទាំងអស់ បានទទួលនៅការចង់ចាំដ៏អស្ចារ្យក្នុងការ អញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះ។ ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ និងស្នាដៃធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ»។

សូមរំឮកថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១-០៥ ខែតុលា ខណៈពិធីបើកមហាសន្និបាត នៅថ្ងៃទី០៤ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានថ្លែង នូវសន្ទរកថាគន្លឹះ សម្រាប់សមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានចូលរួម ក្នុងន័យរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ក្នុងតំបន់អាស៊ីឲ្យកាន់តែរីកចម្រើនទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងឱកាសនៃមហាសន្និបាតខាងលើ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ចំពោះការលះបង់ និងការខិតខំ ប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង