អគ្គលេខាធិការសហព័ន្ធបាល់ទះ៖ ស៊ីហ្គេម យើងចង់បានមេដាយមាស តែក្រោយស៊ីហ្គេម យើងនឹងពង្រឹងកាន់តែខ្លាំង
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា «ស៊ីហ្គេមឆ្នាំ២០២៣ យើងចង់បានមេដាយមាស តែក្រោយពេលចប់ពីស៊ីហ្គេមឆ្នាំ២០២៣ យើងនឹងបន្តពង្រឹងបាល់ទះរបស់យើង ឲ្យកាន់តែខ្លាំងបន្ថែមទៀត»។ ការលើកឡើងនេះ គឺនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ក្នុងកម្មវិធីសន្និសីទកាសែត ស្ដីពីការរៀបចំកម្មវិធីប្រកួតបាល់ទះ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២។
អគ្គលេខាធិការខាងលើបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នឹងចាប់ផ្ដើមនាសប្ដាហ៍ក្រោយ ហើយកម្មវិធីនេះ នឹងកក្រើកកាន់តែខ្លាំង ក្នុងចំណោមកម្មវិធីបាល់ទះផ្សេងៗ។ លោកមើលឃើញថា ស៊ីហ្គេមនៅកម្ពុជាកាន់តែកៀកហើយ។ ដូច្នេះ សហព័ន្ធមានទិសដៅធ្វើយ៉ាងណា ជំរុញឲ្យកាន់តែមានការផុសផុលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបាននិយាយថា «ថ្នាក់ដឹកនាំនៃសហព័ន្ធរបស់យើង ដែលមានឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន និងឯកឧត្ដម ស សុខា ជាអនុប្រធាន ដែលទទួលបន្ទុក និងជាប្រតិបត្តិករមួយដ៏សំខាន់នោះ យើងធ្វើការដុតដៃដុតជើងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា សម្រួចគឺយើងចង់បានមេដាយមាស នៅពេលធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែនិរន្តរភាពរបស់បាល់ទះ មិនមែនចប់ត្រឹម ស៊ីហ្គេម២០២៣ ហ្នឹងទេ គឺយើងមានទិសដៅបន្តពង្រឹងឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្រោយពេលស៊ីហ្គេមតទៅទៀត»។
ងាកមកកាន់ការប្រកួតបាល់ទះ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះជាចលករមួយដ៏សំខាន់ក្នុងការអូសទាញវិស័យបាល់ទះកម្ពុជា ឲ្យឆ្ពោះទៅរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ និងឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ ដូច្នេះ ទើបសហព័ន្ធបានព្យាយាមស្វែងរក និងធ្វើយ៉ាងណា ប្រមែប្រមូលបង្កើតកម្មវិធីប្រកួតបាល់ទះ ឲ្យបានកាន់តែច្រើន។ នេះ ជាការបញ្ជាក់បន្ថែមរបស់លោកអគ្គលេខាធិការខាងលើ។
សម្រាប់ការប្រកួតបាល់ទះ ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២នេះ មានក្រុមបាល់ទះ ចំនួន ១១ក្រុម ដោយចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ តទៅ។
លទ្ធផលនៃការចាប់ឆ្នោតឃើញថា៖
ពូល A៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ពូល B៖ បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប
ពូល C៖ ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ពូល D៖ សមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
តាមគម្រោង ការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះ នឹងរៀបចំប្រកួតពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ (ម្តុំហ្រ្គេនភ្នំពេញ)។
សម្រាប់ក្រុមជ័យលាភីវិញ នឹងទទួលបានរង្វាន់ដូចជា៖
-ក្រុមជើងឯក៖ ពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា ១ម៉ឺនដុល្លារ
-ជើងឯករង៖ មេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ពាន់ដុល្លារ
-លេខ៣៖ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ពាន់ដុល្លារ
-លេខ៤៖ ថវិកា ២ពាន់ដុល្លារ
ក្រៅពីនោះ ក៏មានពានរង្វាន់ឯកត្តជនដែរ គឺសម្រាប់កីឡាករល្អជាងគេ ប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។
អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូដែរ ដោយក្នុងនោះ៖
-១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧យប់
-២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧យប់៕