Rudiger បែកក្បាល ២០ថ្នេរ ដើម្បីឱ្យ Real ឡើងទៅវគ្គ ១៦ក្រុមនៃ UCL
ខ្សែការពារ Antonio Rudiger របស់ក្លិបស្ដេចស Real Madrid បានបែកក្បាលដែលត្រូវការដេរ ២០ថ្នេរ ក្រោយតែតបញ្ចូលទីក្នុងប្រកួតប៉ះនឹងក្លិបអ៊ុយក្រែន Shakhtar Donestk កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
មូលហេតុដែលធ្វើឱ្យកីឡាកររូបនេះបែកក្បាល ដោយសារតែលោកហក់តែតបាល់បញ្ចូលទី តែជាអកុសលអ្នកចាំទីក្លឹប Shakhtar ក៏ព្យាយាមហក់ទះបាល់ចេញដែរ។ ជាលទ្ធផល បាល់ចូលទី ប៉ុន្តែក្បាលរបស់កីឡាករទាំងបានបុកគ្នា ហើយរបួសទាំងសងខាង។
កីឡាកររូបនេះបានបង្ហោះក្នុងបណ្ដាញសង្គមជាមួយនឹងបង់រុំក្បាលថា លោកនៅសុខទុក្ខជាធម្មតាទេ។ យ៉ាងណាមិញ Rudiger នឹងត្រូវស្កេនមើល ក្រែងលមានប្រេះឆ្អឹងលលាដ៍ក្បាល។
ការតែតបញ្ចូលទីនេះ ធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល ១-១ ដែលបណ្ដាលឱ្យ Real Madrid ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League ៕