ថ្នាក់ដឹកនាំជាន់ខ្ពស់កីឡាបាល់ទះសិង្ហបុរីថា កម្ពុជាឡើងដល់លំដាប់កំពូល ក្រោយឈ្នះថៃ

លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បានកោតសរសើរពីភាពរីកចម្រើននៃវិស័យបាល់ទះកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាក្រុមលំដាប់កំពូល(Top) ក្នុងតំបន់ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក។
ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាថ្ងៃទី១៥ ខែតុលា ចុងសប្ដាហ៍នេះ ក្នុងឱកាសអបអរសាទរពិធីបើកការប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២។

ថ្នាក់ដឹកនាំជាន់ខ្ពស់កីឡាបាល់ទះសិង្ហបុរីខាងលើ បានសម្ដែងនូវសេចក្ដីរីករាយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិនេះឡើង។ ពិសេសការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ហើយលោកសង្ឃឹមថា តាមរយៈការប្រកួតនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ក្រុមខ្លួនត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ដថា លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពលចាប់ពីពេលនោះមក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។ លោកមានប្រសាសន៍ថា ៖«ខ្ញុំគិតថា កម្ពុជាពិតជាបានអភិវឌ្ឍវិស័យបាល់ទះ គឺបានល្អប្រសើរខ្លាំងមែនទែន។ នេះហើយបានជាយើងចង់សាកថ្វីដៃជាមួយប្រទេសដែលខ្លាំង(កម្ពុជា)»។
ពាក់ព័ន្ធនឹងសក្ដានុពល នៃវិស័យបាល់ទះកម្ពុជាដែរ លោកបានសង្កត់ធ្ងន់ថា ៖«លទ្ធផល គឺបានបង្ហាញយ៉ាងច្បាស់ នៅពេលកម្ពុជាអាចប្រកួតប្រជែងយកឈ្នះក្រុមជម្រើសជាតិថៃ(ស៊ីហ្គេម នៅវៀតណាម) ។ ខ្ញុំអាចសន្និដ្ឋានបានថា កម្ពុជាបច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល(TOP)ហើយ ហើយខ្ញុំជឿជាក់ថា នៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមួយដ៏មានសក្ដានុពលក្នុងវិស័យបាល់ទះ»។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរីខាងលើ នឹងធ្វើឡើងនាម៉ោង ៧ល្ងាច ថ្ងៃទី១៥ ខែតុលា នៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍។ ក្នុងនោះសហព័ន្ធ ក៏មានលក់សំបុត្រចូលទស្សនាផងដែរ ក្នុងតម្លៃ៨ពាន់រៀល។ បន្ទាប់មក ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម កម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិដ៏ធំមួយទៀត ដែលត្រូវជួបក្រុមខ្លាំងជម្រើសជាតិគុយបា នាថ្ងៃទី២០ ខែតុលាខាងមុខ។ ការប្រកួតនេះ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព ដកស្រង់បទពិសោធន៍ រឹតចំណងមិត្តភាពផង និងដើម្បីអបអរសាទរព្រឹត្តិការណ៍បាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង