Messi ថា ប្រេស៊ីល និងបារាំងជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup

Messi ថា ប្រេស៊ីល និងបារាំងជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បាននិយាយថា ក្រុមការពារតំណែងជើងឯកបារាំង និងប្រេស៊ីលគឺជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup 2022 នៅកាតាខែក្រោយនេះ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបាននិយាយប្រាប់ទូរទស្សន៍ DIRECTTV Sports ថា បារាំង ប្រេស៊ីល អាល្លឺម៉ង់ អង់គ្លេស និងអេស្ប៉ាញ តែងតែជាបេក្ខភាពដែលគេគិតថាឈ្នះជើងឯក តែបារាំង និងប្រេស៊ីលមិនខុសគ្នាឡើយ ពួកគេមានកីឡាករដែលមានបទពិសោធច្រើន និងបានលេងជាមួយគ្នារយៈពេលច្រើនដែរ។ ការលើកសរសើរក្រុមទាំងពីរខាងលើបែបនេះ Messi ក៏មិនបាននិយាយពីក្រុមរបស់ខ្លួនដែរ ស្របពេលដែលអាហ្សង់ទីនកំពុងលេងមិនចាញ់សោះ ៣៥ប្រកួតជាប់គ្នា។

មជ្ឈដ្ឋានអ្នកវិភាគបាល់ទាត់ជាច្រើន បានចាត់ទុកអាហ្សង់ទីនជាបេក្ខភាពឈានមុខគេមួយដែរ ក្នុងការប្រជែងជើងឯក World Cup ឆ្នាំនេះ បន្ទាប់ពីស្ថិតិឈ្នះ ៣៥ប្រកួតជាប់គ្នា បូករួមទាំងឈ្នះជើងឯក Copa America ឆ្នាំមុនដោយយកឈ្នះប្រេស៊ីលផងដែរ។ តែអាហ្សង់ទីនក៏ប្រឈមនឹងបញ្ហារបួសកីឡាករដែលអាចអវត្តមានពី World Cup ផងដែររួមមាន Angel Di Maria និង Paulo Dybala។ អាហ្សង់ទីនស្ថិតក្នុងពូល C ដែលនឹងត្រូវជួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកា មុនបន្តជួបម៉ិកស៊ិក និងប៉ូឡូញ៕

អត្ថបទដែលជាប់ទាក់ទង