ទឹកដីក្លិបភ្នំពេញក្រោននឹងរៀបចំប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២

ទឹកដីក្លិបភ្នំពេញក្រោននឹងរៀបចំប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២

កីឡដ្ឋាន Smart RSN នៃក្លិបភ្នំពេញក្រោនត្រូវបានជ្រើសរើសជាទឹកដីកណ្ដាល សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ រវាងក្រុមបឹងកេត និងវិសាខាដែលគ្រោងធ្វើការប្រកួតនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

នេះជាលើក៣ ហើយដែលការប្រកួតដំណាក់កាលលើកពាន បានរៀបចំឡើងនៅទឹកដីរបស់ក្លិបភ្នំពេញក្រោន បន្ទាប់ពីឆ្នាំ២០១៩ ដែលគ្រងតំណែងជើងឯកដោយក្រុមបឹងកេត និងឆ្នាំ២០២១ គ្រងតំណែងជើងឯកដោយក្រុមវិសាខា មុនក្រុមខ្លាំងទាំងពីរត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនាដើមខែក្រោយ។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ បឹងកេតគឺបានយកឈ្នះក្រុមអគ្គិសនីកម្ពុជាទាំង ២ជើងក្នុងលទ្ធផល ៥-០ ក្នុងនោះជើងទី១ បឹងកេតបានទទួលជ័យជម្នះក្នុងដី ៣-០ និងជើងទី២ ពួកគេបានយកឈ្នះក្រៅដី ២-០។ រីឯវិសាខាបានយកឈ្នះភ្នំពេញក្រោនទាំង ២ជើងដោយលទ្ធផល ៤-២ ពោលគឺទាំងក្នុងដី និងក្រៅដី វិសាខាបានទទួលជ័យជម្នះ ២-១ ដូចគ្នា។

គួរដឹងថា វិសាខា បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ២សម័យមកហើយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈបឹងកេតធ្លាប់បានលើកពានម្ដងកាលពីឆ្នាំ២០១៩។ នេះជាលើកដំបូងហើយដែលក្រុមទាំងពីរបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដ្បិតកន្លងមក បឹងកេត និងវិសាខាធ្លាប់បានជួបគ្នាត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។ ប៉ុន្ដែមុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក៏នឹងមានជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងភ្នំពេញក្រោន និងអគ្គិសនីកម្ពុជានៅរសៀលថ្ងៃជាមួយគ្នានោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង