ប្រធានអាណត្តិថ្មី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្តេជ្ញាដឹកនាំកីឡា Esports ឲ្យរីកចម្រើនទៅដណ្តើមមេដាយមាស ពីស៊ីហ្គេម២០២៣
ប្រធានអាណត្តិថ្មី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្តេជ្ញាដឹកនាំកីឡា Esports ឲ្យរីកចម្រើនទៅដណ្តើមមេដាយមាស ពីស៊ីហ្គេម២០២៣
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី២ និងលើកទិសដៅអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ហើយអង្គមហាសន្និបាតប្រារព្ធនៅទីស្តីការក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបោះឆ្នោតគាំទ្រឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្តដឹកនាំជាប្រធានសហព័ន្ធតទៅទៀត។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា ២អាណត្តិកន្លងមក សហព័ន្ធបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា កែប្រែផ្នត់គំនិត ដើម្បីឲ្យសង្គមទទួលស្គាល់ថា កីឡាអេឡិចត្រូនិក គឺជាកីឡាស្របច្បាប់ តាមរយៈការបើកសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកីឡាឲ្យយល់ពីកីឡាអេឡិចត្រូនិក។ បន្ទាប់មក សហព័ន្ធបានអប់រំផ្សព្វផ្សាយជូនសាធារណជន ឲ្យយល់ ហើយកែប្រែពីពាក្យថា ក្មេងលេងហ្គេម ឲ្យក្លាយជាកីឡាករពិតប្រាកដ ឈ្នះជើងឯកក្នុងប្រទេស ក្រៅប្រទេស ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបថ។ ចំណុចទី១. កីឡាករអេឡិចត្រូនិក ត្រូវមានសីលធម៌សង្គមល្អ ឈានទៅដណ្តើមមេដាយ ពីស៊ីហ្គេម ប្រកបដោយកិត្តិយស។ ទី២. សុំឲ្យរៀនពូកែ ទាំងនៅវិទ្យាល័យ និងឧត្តមសិក្សា។ នៅពេលរៀនពូកែ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ សំណួរសួរថា ចំណង់ចំណូលចិត្តរបស់ប្អូនចូលចិត្តលេងកីឡាអ្វី? គឺកីឡាអេឡិចត្រូនិក។ ចំណុចហ្នឹងហើយ គឺកិត្តិយសរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ ប្រសាសន៍បន្ថែមរបស់ ឯកឧត្តម ជា ច័ន្ធបរិបូរណ៍។
នៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមប្រធាន បានប្តេជ្ញាដឹកនាំសហព័ន្ធ ឲ្យកាន់តែរីកចំរើន ឈានទៅដណ្តើមមេដាយជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិ។ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដោយឯកឧត្តម បានស្នើឲ្យសមាជិកប្រតិបត្តិ ពង្រឹងលើគោលដៅ ផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ បណ្តុះឆន្ទៈឲ្យមុតស្រួច ក្នុងការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស និងដុសខាត់សមត្ថភាពរបស់អត្តពលិកកីឡាអេឡិចត្រូនិក ដើម្បីសម្រួចគោលដៅ ដណ្តើមមេដាយមាស១គ្រឿង ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា តាមសន្ទស្សន៍របស់ Camsoc។
ជាការឆ្លើយតប លោក ប៉ែន វុទ្ធី តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ នៅដើមឆ្នាំ ២០២៣ សម្រាប់យកមកអនុវត្តការងារ សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣» ក្នុងចំណោមសហព័ន្ធកីឡាជាតិចំនួន៦ ដែលក្រសួងអប់រំ នឹងអាចទម្លាក់កញ្ចប់ថវិកាឱ្យនៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២២-២០២៦ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធ និងមានលោក ជី សិលា អនុប្រធានទី១ លោក លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោក វ៉ាន់ សំបូរ អគ្គហេរញ្ញិក និងសមាជិក៥រូបទៀត។ ក្នុងនោះ សហព័ន្ធ បានទទួលស្គាល់ក្រុមកីឡាអេឡិចត្រូនិកចំនួន៣ គឺក្រុម Aggressive Fight, Empire Esports និង Pro Esports ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិក ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ទៀតថា សហព័ន្ធកីឡាអេឡិចត្រូនិក គឺជាប្រភេទកីឡាចុងក្រោយគេ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) សម្រេចជ្រើសរើសដាក់បញ្ចូល សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងចំណោម ៣៨ប្រភេទកីឡា និងបានត្រៀម ៩វិញ្ញាសា ដាក់ឲ្យប្រកួតប្រជែង។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម កីឡាអេឡិចត្រូនិកកម្ពុជា ធ្លាប់បានចូលរួមប្រកួតចំនួន ២លើក គឺក្នុងឆ្នាំ២០១៩ នៅប្រហ្វីលីពីន និងឆ្នាំ២០២២ នៅប្រទេសវៀតណាម៕