កីឡាជាតិលើកទី៣ត្រូវបានជំរុញឲ្យជោគជ័យដើម្បីជាជំហានថ្មីឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣

កីឡាជាតិលើកទី៣ត្រូវបានជំរុញឲ្យជោគជ័យដើម្បីជាជំហានថ្មីឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣

ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡាជំរុញឲ្យការរៀបចំការងារគ្រប់ទម្រង់ទាំងអស់ ឲ្យទទួលបានជោគជ័យ ដើម្បីជាជំហានថ្មីមួយ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរយោបល់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៣នេះត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈ NOCC និង CAMSOC ជាអ្នកសហការ ដើម្បីជំរុញឲ្យការប្រកួតកីឡាដ៏ធំរៀងរាល់២ឆ្នាំម្តងនេះឲ្យរលូន ស្របទៅតាមលំនាំស្តង់ដាហ្គេមអន្តរជាតិ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់ការបញ្ជាក់យ៉ាងច្រើនជុំវិញការត្រៀមរៀបចំកីឡាជាតិលើកទី៣នេះ។

«យើងបានបែងចែកការងារគ្នា និងបានរួមគ្នាធ្វើកិច្ចការនេះ ដោយ NOCC ជាអ្នកទទួលបន្ទុកក្នុងការរៀបចំព្រមទាំងពិធីសម្តែងកីឡា-សិល្បៈ នៃពិធីបើក-បិទទាំងមូល។ កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើនីតិវិធី និងររៀបរបបនៃការរៀបចំកីឡាជាតិដែលមានកិច្ចការជាច្រើន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងការរៀបចំ ការប្រកួត និងសន្តិសុខ សណ្តាប់ឆ្នាប់ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កាលពីកីឡាជាតិលើកទី១ ឆ្នាំ២០១៦ និងកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយការរៀបចំមានលក្ខណៈខុសគ្នាទាំងទីតាំង និងការរៀបចំជាដើម»។ ឯកឧត្តមបានបន្ថែម។
បទពិសោធនៃការរៀបចំកីឡាជាតិ២លើកកន្លងមកជាគំរូ ឬលំនាំមួយ ក្នុងការផ្តល់លក្ខណៈងាយស្រួលជាទម្រង់រួមគ្នា ដើម្បីយកទៅច្នៃប្រឌិតឲ្យកាន់តែលេចធ្លោ នាកីឡាជាតិលើកទី៣ នាខែក្រោយនេះ។ ដោយសារកិច្ចសហការល្អ និងគោលការណ៍ដឹកនាំល្អរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យដំណើរការរៀបចំនេះបានរលូន។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន ក៏បានលើកឡើងផងដែរ ចំពោះកិច្ចការរបស់ CAMSOC ក៏សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏បានផ្តល់ការណែនាំជាអនុសាសន៍ឲ្យគណៈកម្មការជំនាញត្រូវខិតខំសហការជួយដល់ព្រឹត្តិការណ៍ជាតិលើកទី៣នេះឲ្យទទួលបានជោគជ័យ ដើម្បីជាជំហានថ្មីមួយកាន់តែជាក់ច្បាស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។

«នេះជាការប្រមូលផ្តុំមនុស្សជិត៥ម៉ឺននាក់ ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខសុវត្ថិភាពឲ្យបានល្អប្រសើរ។ អ្វីដែលពាក់ព័ន្ធ គឺការប្រកួតកីឡាជាតិលើកទី៣នេះ ដែលមានស្ថាប័ន រាជធានីខេត្តទាំងអស់ត្រៀមចូលរួមប្រកួតប្រជែងមេដោយ ដោយមានប្រតិភូកីឡារាជធានីខេត្ត ចន្លោះពី ៦០០០ទៅ ៧០០០នាក់។ ការចូលរួមក្នុងចំនួនមនុស្សដ៏ច្រើននេះ គឺមានលក្ខណៈដូចគ្នានឹងការរៀបចំដូចស៊ីហ្គេម ផងដែរ ដោយការរៀបចំត្រូវការមនុស្សច្រើនជួយជ្រោមជ្រែងលើកិច្ចការទូទៅឲ្យបានគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង