កាតាប្រកាសលុបចោលការធ្វើតេស្តរកកូវីដ-១៩ មុនធ្វើដំណើរទៅ World Cup
កាតាប្រកាសលុបចោលការធ្វើតេស្តរកកូវីដ-១៩ មុនធ្វើដំណើរទៅ World Cup
ក្រសួងសុខាភិបាលកាតាបានបញ្ជាក់កាលពីថ្ងៃពុធថា សម្រេចលុបចោលការធ្វើតេស្តរកកូវីដ-១៩ មុនធ្វើដំណើរចូលប្រទេសសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នេះ។ ការបន្ធូរបន្ថយចុងក្រោយបំផុតក្នុងវិធានការប្រឆាំង COVID នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ១៩ថ្ងៃមុនពេលការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅលើទឹកដីអារ៉ាប់ចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា។
អ្នកគាំទ្រ កីឡាករ មន្ត្រី បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយគឺជាលំហូរដ៏ធំបំផុតនៃអ្នកទស្សនា ដែលនឹងមកដល់ក្នុងប្រទេសកាតាដ៏តូចដែលមានប្រជាជនត្រឹមតែ ២.៩លាននាក់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថា “អ្នកទស្សនាមិនត្រូវបានតម្រូវឱ្យបង្ហាញលទ្ធផលអវិជ្ជមាននៃ COVID-19 ពីការធ្វើតេស្តដោយ PCR ឬការធ្វើតេស្តរហ័សមុនពេលធ្វើដំណើរទៅប្រទេសកាតាទៀតទេ”។ ក្រសួងសុខាភិបាលកាតាបានបន្ថែមថា ប្រជាពលរដ្ឋ និងអ្នករស់នៅប្រទេសកាតាក៏នឹងលែងត្រូវការធ្វើតេស្ត PCR ឬតេស្តរហ័សទៀតដែរ។
ការប្រកួតរយៈពេល ២៩ថ្ងៃនឹងក្លាយជាព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំលើកដំបូង ដែលមានអ្នកគាំទ្រចាប់តាំងពីជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងក្នុងខែធ្នូ ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សជាង ៦លាននាក់។ រំលឹកថា ការពន្យារពេលកាលពីឆ្នាំមុននៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានរៀបចំឡើងភាគច្រើនដោយបិទទ្វារ ហើយការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងក្នុងវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត៕