គ​.​ជ​.​ប សម្រេច​លើក​ពេល​អនុវត្ត​ដំណើរការ​នៃ​ការបោះឆ្នោត សាកល្បង​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២១

ដោយ​: មុន្នី​រ័ត្ន​/​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជូនដំណឹង ដល់​សាធារណជន និង​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​ថា គ​.​ជ​.​ប បានសម្រេច​លើក ពេល​អនុវត្ត​ដំណើរការ​នៃ​ការបោះឆ្នោត​សាកល្បង​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០២១ ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នៅក្នុង​ឃុំ សង្កាត់​គោលដៅ​ចំនួន ២៥ នៃ រាជធានី ខេត្ត​ទាំងអស់​ទូទាំងប្រទេស​។​​ប្រភព​ដដែល​បាន​បន្តទៀតថា ជាមួយគ្នានេះដែរ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី ពាក់ព័ន្ធ​តាម​អន​ឡាញ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ក៏ត្រូវ​បាន​លើក​ពេល​ផងដែរ​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ការសម្រេច​លើក​ពេលនេះ ដោយសារតែ គ​.​ជ​.​ប បាន​ពិនិត្យឃើញថា ស្ថានភាព​ប​នៃ​ការឆ្លង រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ។​

​សូមបញ្ជាក់ថា កាលបរិច្ឆេទ​នៃ​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១ នឹងត្រូវ​កំណត់​ជាថ្មី តាម​លទ្ធភាព​ដែល គ​.​ជ​.​ប អាច​ធ្វើបាន​បន្ទាប់ពី ស្ថានភាព​នៃ​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​រាជរដ្ឋាភិបាល​៕​/PC

អត្ថបទដែលជាប់ទាក់ទង