Tesla នឹង​សាងសង់​រោងចក្រ​ថ្មីរបស់ខ្លួន​នៅ​ម៉ិកស៊ិក

Tesla គ្រោងនឹងសាងសង់រោងចក្រថ្មីមួយនៅក្នុងប្រទេសម៉ិកស៊ិក ដោយចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្ត ផ្សេងទៀត ដែលប្រមូលផ្តុំវត្តមានរបស់ពួកគេនៅភាគខាងត្បូងនៃព្រំដែនសហរដ្ឋអាមេរិក។

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយថា រោងចក្រសម្រាប់ ក្រុមហ៊ុនរថយន្តអគ្គិសនីនឹងស្ថិតនៅក្នុងទីក្រុង Monterrey ដែលមានចម្ងាយប្រហែលបីម៉ោងពីរដ្ឋតិចសាស់។ ប្រធានាធិបតីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា “នេះនឹងតំណាងឱ្យការវិនិយោគ ដ៏សន្ធឹកសន្ធាប់ និងការងារជាច្រើន” ។

គួរបញ្ជាក់ថាៈ កន្លងមកម៉ិកស៊ិកបានលើកឡើងពីការព្រួយបារម្ភអំពីតម្រូវការទឹកពីរោងចក្រ អាចប៉ះពាល់ដល់ តម្រូវការទឹកក្នុងតំបន់ ប៉ុន្តែលោក Lopez Obrador បាននិយាយថាគាត់ទទួលបាន នការប្តេជ្ញាចិត្តពីប្រធានក្រុមហ៊ុន Tesla លោក Elon Musk ដែលបានជួយបន្ធូរបន្ថយកង្វល់ទាំងនោះ។

Tesla ក៏ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែរ កំពុងតែរំពឹងថាការទិញរថយន្តអគ្គិសនីនឹងកើនឡើង យ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ខណៈដែលអ្នកបើកបរងាកទៅរកមធ្យោបាយដឹក ជញ្ជូនពណ៌បៃតង។ ការបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន Tesla នេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន BMW បាននិយាយថា ខ្លួននឹងវិនិយោគលើរោងចក្រមួយក្នុងប្រទេសម៉ិកស៊ិក។ ក្រុមហ៊ុន Ford ក៏ផលិតរថយន្ត SUV អគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសផងដែរ។ ដោយឡែកក្រុមហ៊ុន General Motors បានប្រកាសពីផែនការ សាងសង់រោងចក្រសម្រាប់រថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ិកស៊ិកដូចគ្នាដែរ។

ការវិនិយោគនៅប្រទេសម៉ិកស៊ិកត្រូវបានឃ្លាំមើលយ៉ាងដិតដល់ និងអាចចាត់ទុកថាជាការសាកល្បងបរិយាកាស វិនិយោគក្រោមការដឹកនាំរបស់លោក Lopez Obrador ជាអ្នកឆ្វេងនិយម ដែលត្រូវបានបោះឆ្នោតជ្រើសរើស កាលពីឆ្នា២០១៨៕

អត្ថបទដែលជាប់ទាក់ទង