ចិន បញ្ចេញយន្ដហោះកក្រើកមេឃ ឡោមព័ទ្ធកោះតៃវ៉ាន
ទីក្រុងតៃប៉ិ៖ បើតាមសេចក្ដីរាយការណ៍របស់តៃវ៉ាន់ បានឲ្យដឹង ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិន តែងតែបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង រាប់សិបគ្រឿង ឡោមព័ទ្ធតៃវ៉ាន់ ដើម្បីបំភិតបំភ័យ និង ចាប់បង្ខំដល់រដ្ឋាភិបាលក្រុងតៃប៉ិ ព្រមទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ខ្លួន។
សារព័ត៌មាន Taiwan News បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាង ថា លក្ខខណ្ឌសន្តិសុខ នៅច្រកសមុទ្រតៃវ៉ាន់ កំពុងតែបន្តយ៉ាប់យ៉ឺន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងភាពតានតឹង កំពុងតែកើនឡើង នៅទូទាំងខ្សែសង្វាក់កោះដំបូង។ ឥឡូវ រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែប្រើប្រាស់មហិច្ឆតាយោធារបស់ខ្លួន សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា សកម្មភាពយន្តហោះរបស់ចិន នៅជុំវិញកោះតៃវ៉ាន់បានវិវឌ្ឍជាបណ្តើរៗ ទៅជាប្រតិបត្តិការកើនឡើងខ្ពស់បំផុត។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ចំនួនយន្ដហោះ បានកើនឡើង ចាប់ពីចំនួន៣៨០គ្រឿង កាលពីឆ្នាំ២០២០, ដល់ចំនួន៩៦០គ្រឿង នៅឆ្នាំ២០២១, ចំនួន ១៧៣៨គ្រឿង នៅឆ្នាំ២០២២, ចំនួន៤៧៣៤គ្រឿង នៅឆ្នាំ២០២៣, ចំនួន៥១០៨គ្រឿង នៅឆ្នាំ២០២៤ និង ចំនួន៥៧០៩គ្រឿងនៅឆ្នាំ២០២៥។
ក្រុមមន្រ្ដីយោធាតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា សកម្មភាពយោធាចិន នៅជិតកោះតៃវ៉ាន់ បានកើនឡើងជាបន្ដបន្ទាប់ រហូតមកដល់ពេលនេះ។ ទំហំប្រតិបត្តិការទាំងនេះ បង្ហាញ ថា ប្រទេសចិនបានធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់ ក្លាយជាវេទិកាស្នូល សម្រាប់ប្រតិបត្តិការតំបន់ពណ៌ប្រផេះរបស់ខ្លួន។ ប្រទេសចិន កំពុងតែប្រើប្រាស់យន្ដហោះចម្បាំងទាំងនោះ ដើម្បីសាកល្បងការរារាំង បំផ្លាញធនធានការពាររបស់តៃវ៉ាន់ និង ជំរុញឲ្យព្រំដែនសន្តិសុខដែលមានស្រាប់ ឃ្លាតចេញឆ្ងាយជាបណ្តើរៗ៕