អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ឧបករណ៍ភ្លេងតន្រ្តី១ឈុត តម្លៃ១២០០០ដុល្លារ ជូនដល់ក្រុមយុវជនកាយឫទ្ធិ នៅវិទ្យាល័យ ហ៊ុន សែន ខេត្តប៉ៃលិន
(ប៉ៃលិន)៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ឧបករណ៍ភ្លេងតន្រ្តី១ឈុត តម្លៃ១២០០០ដុល្លារ ជូនដល់ក្រុមយុវជនកាយឫទ្ធិ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការប្រគល់ឧបករណ៍ភ្លេងជូនក្រុមយុវជនកាយឫទ្ធិនៅពេលនេះ គឺដើម្បីឲ្យក្មួយៗសិស្សានុសិស្សក្រុមកាយឫទ្ធិទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងចូលរួមគ្រប់សកម្មភាពតាមតម្រូវការក្នុងសង្គមនានាក្នុងខេត្ត ដើម្បីជាគំរូដល់ក្មួយៗជំនាន់ក្រោយ។ ជាពិសេសបណ្តុះនូវសមត្ថភាពនៃការលេងភ្លេង នៅក្នុងកម្មវិធីនានា របស់ថ្នាក់ជាតិដែលធ្វើការរៀបចំនៅក្នុងខេត្តប៉ៃលិនផងដែរ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ដោយខេត្តប៉ៃលិនមិនមានឧបករណ៍ភ្លេងតន្រ្តីកាយឫទ្ធិ ដើម្បីធ្វើការលេងក្នុងកម្មវិធីផ្សេងៗក្នុងខេត្តនៅឡើយ ទើបនៅពេលនេះ លោកបានឧបត្ថម្ភឧបករណ៍ភ្លេងតន្រ្តីកាយឫទ្ធិ ជូនដល់យុវជនកាយឫទ្ធិវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការលេងភ្លេងគ្រប់កម្មវិធីនានាក្នុងខេត្ត ជាលក្ខណៈថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ស្របតាមស្តង់ដារ បច្ចេកទេស ដែលមានគ្រូបង្គោលបង្ហាត់បង្រៀន មកពីរាជធានីភ្នំពេញ ក្នុងន័យលើកស្ទួយវិស័យអប់រំយុវជន និងកីឡា ឲ្យបានកាន់តែល្អថែមទៀត។ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់លោកនាយកសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន និងលោកគ្រូអ្នកគ្រូ ទាំងអស់ត្រូវបន្តបង្ហាត់បង្រៀននូវចំណេះជំនាញបន្ថែមទៀតដល់សិស្សានុសិស្សយុវជនកាយឫទ្ធិ ឲ្យយល់កាន់តែច្បាស់ពីឧបករណ៍ដែលប្រគល់ជូន ជាពិសេសត្រូវចូលរួមថែរក្សាការពារឲ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង សម្រាប់ពង្រឹងសមត្ថភាព បច្ចេកទេសនៃការលេងភ្លេងឲ្យបានកាន់តែល្អឡើង។សូមបញ្ជាក់ថា ឧបករណ៍ភ្លេងតន្រ្តីកាយឫទ្ធិ១ឈុត នេះគឺមានតម្លៃ១២០០០ដុល្លារអាម៉េរិក រួមមាន៖ស្គរតូច ស្គរធំ ត្រែសម្រាប់ផ្លុំ ព្យាណូតូចសម្រាប់ចុច និងឧបករណ៍មួយចំនួនទៀត ដែលជាអំណោយផ្ទាល់របស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភថវិកា១លានរៀលបន្ថែមទៀត ជូនដល់ក្រុមយុវជនកាយឫទ្ធិវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិនផងដែរ៕