លោក ហ៊ុន ម៉ានី កោតសរសើរការលះបង់របស់ កងរាជអាវុធហត្ថ ក្នុងការការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាពជូនពលរដ្ឋ ទាំងក្នុងដំណាក់កាលមុន និងអំឡុងពេលផ្ទុះកូវីដ-១៩

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានបន្តជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីកងរាជអាវុធហត្ថជាច្រើនរូប។
សម្ភារៈដែលត្រូវប្រគល់ជូននាពេលនោះរួមមានអង្ករចំនួន ១២,៥ តោន ត្រីខចំនួន១៣៧ កេស អាវភ្លៀងចំនួន ៨០០ អាវ កូកាកូឡាចំនួន២០០ កេស ទឹកបាញ់សម្លាប់មេរោគចំនួន២ ធុង វីតាមីន C ចំនួន៥ កេស និងកញ្ចប់ថវិការមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការកោតស្ញប់ស្ញែងនូវការលះបង់កម្លាំងកាយចិត្តរបស់កងរាជអាវុធហត្ថទាំងអស់ ដើម្បីរួមចំណែកក្នុងការការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។ ជាពិសេស ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដោយកងកម្លាំងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចចំពោះមុខ និងមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។
លោក ហ៊ុន ម៉ានី បានបន្តថា «នៅពេលដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះការលំបាកដោយវិបត្តិកូវីដ-១៩ ប៉ុន្តែយើងពិតជាមានភព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្ដៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្ដេចតេជោ។ ជាក់ស្ដែងការទទួលបានវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង»។
សូមបញ្ជាក់ថា ជាបន្តបន្ទាប់ លោក ហ៊ុន ម៉ានី តែងនាំយកអំណោយទៅចែកជូនកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខរបស់បងប្អូន ដែលជាអ្នកឈរជើងនៅជួរមុខក្នុងការការពារ និងជួយសង្រ្គោះប្រជាពលរដ្ឋជួបការលំបាក៕
អត្ថបទដែលជាប់ទាក់ទង