ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខ លោក អ៊ុ គង់ ណៃ វីរសិល្បករ ចាបុីដងវែង

ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ភុន សារពេជ្រសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណ:កម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខ លោក អ៊ុ គង់ ណៃ វីរសិល្បករ ចាបុីដងវែង នូវសុខភាពរបស់លោកអ៊ុ ដែលរយ:ពេលកន្លងមក លោកអ៊ុ បានឈឺជាទម្ងន់។
ក្រុមការងារបានប្រគល់ភារកិច្ចជូន វេជ្ជបណ្ឌិត ឡុង ផលឡែន ប្រធានក្រុម២ នៃពេទ្យស្ម័គ្រចិត្តជួយយុវជនគណបក្ស ដើម្បីពិនិត្យសុខភាពលោកអ៊ុជាប់ជាប្រចាំ និង លោក ឈុំ ឆាយ៉ា ប្រធានផែនវប្បធម៌ និងសាសនា បានសហការ មើលថែទាំសុខភាពលោកអ៊ុកន្លងមក ឥឡូវនេះលោកអ៊ុមានកំលាំងល្អវិញហើយ អាចច្រៀងអោយកូនក្មួយស្តាប់បានយ៉ាងពិរោះ ដែលបង្កប់នូវអត្ថន័យ នយោបាយ ការដឹងគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងកូនបង្កើតសម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់រូបលោកអ៊ុ និងប្រជាជនទូទាំងប្រទេស ។
ឯកឧត្តមប្រធាន និងឯកឧត្តម លោកឧកញ៉ា ប្រធានផែនជាច្រើន បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ជូនដល់លោកអ៊ុ គង់ ណៃ មានអង្ករ៤បាវ មី៤កេស ទឹកសុទ្ធ៤កេស ត្រីខ៤យួរ ស្ករស៤កញ្ចប់ ប៊ីចេង៤កញ្ចប់ថវិកា ១.៥០០.០០០៛ ព្រមទាំងបានឧបត្ថម្ភប្រជាពលរដ្ឋ២០គ្រួសារទៀត ដែលរស់នៅជុំវិញភូមិផងរបងជាមួយលោកអ៊ុ គង់ ណៃ ក្នុង១គ្រួសារ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល និងប្រជាការពារក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល ។