អ្នកចាត់ការ PSG៖ Neymar នឹងបន្តលេងជាច្រើនឆ្នាំបន្ថែមទៀត
(ប៉ារីស)៖ អ្នកចាត់ការក្លិប Paris St Germain លោក Mauricio Pochettino បានបង្ហាញទំនុកចិត្តថា កីឡាករ Neymar នឹងបន្តការប្រកួតជាច្រើនឆ្នាំបន្ថែមទៀត បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក្នុងសប្តាហ៍នេះ បានលើកឡើងថា ការប្រកួតពានរង្វាន់ World Cup នៅពេលខាងមុខ គឺជាការលេងចុងក្រោយរបស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។
Neymar វ័យ២៩ឆ្នាំ បានលើកឡើងថា ព្រឹត្តិការណ៍នៅប្រទេសកាតា ក្នុងឆ្នាំ២០២២ខាងមុខ អាចជាការបង្ហាញខ្លួនចុងក្រោយរបស់លោក ដោយសារតែលោកមិនប្រាកដថា តើមាន « កម្លាំងចិត្ត ដើម្បីលេងបាល់ទាត់ទៀត ឬអត់នោះទេ»។
លើកឡើងមុនការប្រកួតលីគ Ligue 1 របស់ក្រុម PSG ប៉ះនឹងក្រុម Angers នាថ្ងៃសុក្រស្អែកនេះ, លោក Pochettino បានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ Neymar គឺជាលទ្ធផលនៃអាជីពមួយ ដែលធ្វើឲ្យសាធារណជន មានការចាប់អារម្មណ៍។
«គាត់ជាមនុស្សស្មោះត្រង់, គាត់បង្ហាញអារម្មណ៍របស់គាត់យ៉ាងឆាប់រហ័ស, ប៉ុន្តែកម្លាំងផ្លូវចិត្តរបស់គាត់, នៅក្នុងជីវិត ដែលស្ថិតក្រោមការយកចិត្តទុកដាក់ អស់រយៈពេលជាយូរមក ហើយគឺអស្ចារ្យណាស់។ គាត់បានរងសម្ពាធជាច្រើន តាំងពីគាត់នៅតូច», នេះបើតាមសម្តីលោក Pochettino។
«Neymar ស្រឡាញ់បាល់ទាត់ ហើយខ្ញុំប្រាកដថា គាត់នឹងលេងច្រើនឆ្នាំទៀត, ខ្ញុំមិនមានការសង្ស័យនោះទេ»។
គួរបញ្ជាក់ថា PSG កំពុងមាន ២៤ពិន្ទុលើស ៦ពិន្ទុពីក្រុមលេខ២ Lens ដែលមាន ១៨ពិន្ទុដៃហើយឈរនៅកំពូលតារាងលីគ Ligue 1 របស់បារាំង ក្រោយឆ្លងកាត់ ៩ប្រកួតដូចគ្នា៕