សម្តេចតេជោ ចង់ឃើញថ្នាក់ដឹកនាំអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភព លោកឆ្នាំ២០៣៤ ឬ២០៣៨
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចចង់ឃើញថ្ងៃដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ២០៣៨ ។
សម្តេចតេជោ បានលើកឡើងក្នុងពិធីអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះដែលពិធីនេះធ្វើឡើងដោយផ្ទាល់ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែមិថុនាថា ៖«សម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត» ។
សម្តេចថា ជាក់ស្ដែងទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា ។
ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោកមកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពលនេះ ។
ជាមួយគ្នានោះដែរ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោក និងសូមកោតសរសើរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិតាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ។
សម្តេចថា ៖«ខ្ញុំពិតជាមានសុទិដ្ឋិនិយម និងសូមជូនពរឱ្យដំណើរ ទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក និងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះដំណើរការដោយរលូន និងទទួលជោគជ័យដ៏ត្រចះត្រចង់» ។
សម្តេចតេជោ ក៏បានលើកឡើងថា បច្ចុប្បន្នបាល់ទាត់ គឺជាប្រភេទកីឡាដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុសស្រីប្រមាណ២៦៥លាននាក់ ជាអ្នកលេងកីឡា នេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ជាអ្នកគាំទ្រ ។
ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ២០០០នាក់ និងមានប្រមាណជាង៣០០០នាក់ ជាក្រុមបាល់ទាត់មហាជនលេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែកអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង១០ម៉ឺននាក់។
សម្តេចក៏បានគូសបញ្ជាក់ថា ពេលនេះពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង៣០០០លាននាក់ អំពី សុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុង រស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មាន កម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។
សម្តេចក៏បានសូមអ្នកស្នេហា វិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី១ របស់កម្ពុជា ដែល ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ៕