សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសព្រឹត្តិការណ៍ World Games 2022 នៅសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអបអរសាទរដល់កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសព្រឹត្តិការណ៍ World Games 2022។

កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។

សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ គឺមានកីឡាការិនី ៨ប្រទេសចូលរួម គឺមានកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ រីឯកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូបមានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ហើយវីរកីឡាការិនីម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាមេរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង