សម្តេចតេជោ ៖ សន្និបាតដើម្បីរកភាពខ្លាំង និងខ្សោយឈានដល់យកឈ្នះបោះឆ្នោតតំណាង រាស្ត្រ២០២៣

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ការ​អង្គសន្និបាត​បាន​ធ្វើ​ឡើង នា​ពេល​នេះ​ស្រប​ពេល​ដែល​គណបក្ស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

ថ្លែង​បើក​សន្និបាត នា​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា នៅ​វិមាន​៧​មក​រា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​បាន​លើក​ឡើង​ថា សន្និបាត​នៅ​ពេល​នេះ​បាន​បើក​ទូលាយ​ទាំង​គណៈកម្មាធិការ​កណ្ដាល​ផង និង​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​មក​ចូលរួម​ជាមួយ​ផង​ដែរ ។

សម្ដេច​ប្រធាន​បាន​បន្ត​ថា ដោយសារ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​រំខាន​ដល់​ការ​ជួបជុំ​របស់​យើង ហើយ​ស្ថានភាព​នេះ​បាន​ធូ​ស្រាល យើង​ក៏​មានការ​ជួបជុំ​នៅ​ពេល​នេះ ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ការ​បើក​សន្និបាត​នា​ពេល​នេះ​ក៏​ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ស្វែង​រកហេតុ និង​ផល ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លង​មក​ហើយនឹង​ពិភាក្សា​ពី​គោលដៅ​ដើម្បី​បំពេញបន្ថែម​ឈាន​ទៅ​រក​ការ​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​តំ​ណា​រាស្ត្រ នា​ឆ្នាំ​២០២៣ ពេល​ខាង​មុខ​នេះ ។ជាមួយ​គ្នា​នោះ សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​អនុវត្ត​ទិស​ដៅ​គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និង​សេចក្ដី​សម្រេចចិត្ត​នានា​របស់​ថ្នាក់​កណ្ដាល​បាន​ធ្វើ​ឱ្យ​តួនាទី​ដឹកនាំ​របស់​គណបក្ស​កាន់តែ​លេចធ្លោ​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស ហើយ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បញ្ជាក់​ថា ប្រជាជន​កម្ពុជា​នៅ​តែ​ត្រូវការ​តួនាទី​របស់​គណបក្ស​ប្រជាជន​បន្ត​ទៀត ក្នុង​ការ​ដឹកនាំ​កម្ពុជា ។

សម្ដេច​ពញា​ចក្រី​ក៏​បាន​លើក​ឡើង​អំពី​លក្ខណៈ​ពិសេស​របស់​គណបក្ស​ប្រជាជន​ថា ៖ ជា​គណបក្ស​ដែល​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ មានការ​គាំទ្រ​ពី​ប្រជាជន​មាន​រចនាសម្ព័ន្ធ​ចាត់តាំង​រឹង​មាំ ធនធានមនុស្ស​ប្រកបដោយ​គុណធម៌ និង​សមត្ថភាព​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹង​មាំ និង​មាន​របៀប​ធ្វើ​ការងារ​ត្រឹមត្រូវ ។ទាំង​អស់នេះ​ធ្វើ​ឱ្យ​យើង​ជម្នះ​បាន​នូវ​ការ​លំបាក​ទាំងឡាយ ជា​ពិសេស​ធ្វើ​ឱ្យ​បរាជ័យ​នូវ​រាល់​ឧបាយកល​របស់​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​តែង​យកជើងរាទឹក និង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

សម្ដេច​ពញា​ចក្រី បាន​បញ្ជាក់​ថា កម្មវត្ថុ​នៃ​ការ​ពិភាក្សា​របស់​អង្គសន្និបាត​នៅ​ពេល​នេះ គឺជា​ការ​ស្វែងរក​ឱ្យ​ឃើញ​នូវ​រាល់​ហេតុ និង​ផល​ទាក់ទង​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុងឆ្នាំនេះ ដើម្បី​មាន​មូលដ្ឋាន​ជំរុញ​ធ្វើ​ឱ្យ​គណបក្ស​ទទួល​បាន​ជ័យជម្នះ​នៅ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ ។ចំណែក សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន និង​ជា​អគ្គលេខាបក្ស បាន​លើក​ឡើង​ថា ឆ្លងកាត់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាស់ទុំ​នយោបាយ​នៃ​ដំណើ​ការ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​។

ជោគជ័យ​នេះ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ដ៏​រឹង​មាំ និង​ការ​ផ្ដល់​យុត្តិធម៌​ពី​ប្រជាជន​ដល់​គណបក្ស ។ សម្ដេច​វិបុល​សេនា​ភក្ដី បាន​បញ្ជាក់​ថា យើង​មិន​ត្រូវ​មាន​មោទនភាព​ពេក ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ដោយ​យើង​ត្រូវ​ប្រឹងប្រែង​ពុះពារ​ជម្នះ ហើយ​បន្ត​ធ្វើ​សកម្មភាព​ឥត​ថមថយ​ប្រកបដោយ​ប្រសិទ្ធភាព​ទាំង​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ ទាំង​ក្នុង​ការ​កសាង​ពង្រឹង​គណបក្ស​ទាំង​ការ​ផ្សារ​ភ្ជាប់​បម្រើប្រជាជន ហើយ​ព្យាយាម​លុប​បំបាត់​នូវ​បាតុភាព​អសកម្ម​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថ្នាំងថ្នាក់​ដើម្បី​ធានា​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ជ័យជម្នះ​របស់​គណបក្ស​យើង​។

សូម​ជម្រាប​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណកម្មាធិការ​កណ្ដាល​ចំនួន ៨៦៥​រូប តែ​មក​ដល់​ថ្ងៃនេះ មាន​សមាជិក បាន​ទទួលមរណភាព និង​សុំ​លាឈប់​ពី​គណបក្ស ទៅ​ធ្វើ​ជា​សមាជិក​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​បច្ចុប្បន្ន មាន​សមាជិក​គណកម្មាធិការ​កណ្ដាល​នៅ​សល់​ចំនួន ៨២៦​រូប ។

អង្គសន្និបាត​ក៏​បាន​បើក​ទូលាយ​ដោយ​មានការ​អញ្ជើញ​ឯកឧត្តម លោក​ជំទាវ​ជា​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​នៅ​តាម​ក្រសួង​-​ស្ថាប័ន​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការ​មហាជន ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន ឱ្យ​ចូលរួម និង​មានការ​ផ្តល់​វេ​ទិ​បញ្ចេញមតិ​ពិភាក្សា​លើ​របាយការណ៍ សំដៅ​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ និង​កំណត់​ទិស​ដៅ​សម្រាប់​ភារកិច្ច​នៅ​ពេល​បន្ត​ទៀត ក្នុង​នោះ​មាន​ចំនួន​សរុប ៣.៤៧៤​រូប​៕

អត្ថបទដែលជាប់ទាក់ទង