ហេតុអ្វីបានជា កីឡាករ សៀង ចាន់ធា និងកីឡាករសំខាន់ៗ គ្មានឈ្មោះចូលរួមការហ្វឹកហាត់ ត្រៀមជម្រុះ AFC U-20 Asian Cup ?
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម២០ឆ្នាំ ដើម្បីចូលរួមហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខនេះ។ យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ១១ត្រូវបានកោះហៅចូល ទាំងក្លិបនៅលីគទី១ និងលីគទី២
កម្ពុជារួមមាន៖ កីឡាករ រ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់ វិបុលដាវីឌ, អ៊ាវ សុវណ្ណារ៉ា, សោម បូរឹទ្ធ, អ៊ុក ដេវីន, ទាំ មករា, ស៊ិន សុវណ្ណមករា, វឿន វ៉ា, គង់ លីហួរ, សឿន រិទ្ធវីរៈវឌ្ឍនា, អៀម រតនា, ណង វីលិក , អ៊ី វ៉ាឃីម, ទូច ម៉ាណាន់, ជា សុខហ៊ាង, កើត ពេជ្រ, សំអុល ទីណា, ឆាន់ ប៊ុនមី, ហាវ សុខនេត្រ, សុវណ្ណ ដូណា, ចិន ណារក្ស, វីរៈ ដារ៉ា, ឡេង ណូរ៉ា, ជូ ស៊ិនទី, ផាត សុខា និង វ៉ន ផល្លា ។
យ៉ាងណាមិញគេពុំឃើញមានវត្តមានកីឡាករសំខាន់ៗដូចជា សៀង ចន្ធា, មិន រតនៈ, លឹម ពិសុទ្ធ, តាំង ប៊ុនឆៃ ឡើយ ដែលនាំឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ តែនេះមិនមែនគ្រូបង្វឹកមិនចង់កោះហៅនោះទេ ប៉ុន្តែអ្វីដែលកត់សម្គាល់បានច្បាស់ ១០០ភាគរយនោះគឺ កីឡាករខាងលើ មានអាយុលើសហើយ ឬមានអាយុលើសលក្ខខណ្ឌកំណត់ក្នុងពានរង្វាន់នេះ។ យោងតាមច្បាប់នៅក្នុងពានរង្វាន់ AFC U-20 Asian Cup Qualification កីឡាករដែលអាចចូលរួមប្រកួតបាន គឺត្រូវកើតចំ ឬក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ដែលនេះគឺជាលក្ខខណ្ឌធំបំផុត មិនអាចប្រកែកបាន ។ បើក្រលេកមើលថ្ងៃខែឆ្នាំកំណើតរបស់កីឡាករ សៀង ចន្ធា កើតថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២, មិន រតនៈ កើតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ , លឹម ពិសុទ្ធ កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១, សារ ទី កើតថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០២ និង តាំង ប៊ុនឆៃ កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២។
បញ្ជាក់ថា ពានយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Asian Cup) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់ ដែលការប្រកួតធ្វើនៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន៕
រូបភាព៖ FFC