កម្ពុជាគ្រោងបញ្ជូនក្រុមកីឡា ១២ប្រភេទទៅហាត់នៅចិននាពេលឆាប់ៗខាងមុខនេះ!
អត្តពលិកពីកីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
បើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹង ១៦១នាក់ គឺនៅក្នុងខែសីហា ឆ្នាំ២០២២ នេះតទៅ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា។ ដើមឡើយគម្រោងនេះ គ្រោងចាប់ផ្ដើមកាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេល។
កីឡាសរុបចំនួន ១២ប្រភេទរួមមាន កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ។
ដោយឡែក វិញ្ញាសាជាង៥០០កំពុងត្រូវបានត្រៀមដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ត្រៀមដាក់បង្ហាញក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សប្ដាហ៍នេះ នាក្រុងបាងកក ប្រទេសថៃ។
គួរបញ្ជាក់ថា កីឡាចំនួន ៣៩ប្រភេទ បូករួមទាំងកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីខែកក្កដា ឆ្នាំ២០២២ សម្រាប់ដាក់ឲ្យប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា៕