កម្ពុជាមិនអាចស្ថិតក្នុងពូលជាមួយមីយ៉ាន់ម៉ាក្នុងពានAFF Mitsubishi Electric Cup !
ពានរង្វាន់បាល់ទាត់ជើងឯកតំបន់អាស៊ាន ដែលទើបតែប្តូរឈ្មោះថ្មីទៅជា AFF Mitsubishi Electric Cup 2022 នឹងចាប់ឆ្នោតជ្រើសរើសពូលនៅចុងខែខែសីហា ឆ្នាំ២០២២ ខាងមុខ ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុង Pots 4 ជាមួយនឹងមីយ៉ាន់ម៉ា ក្នុងន័យនេះអាចនិយាយថាក្រុមទាំង២មិនស្ថិតនៅពូលជាមួយគ្នាទេ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានកំណត់ក្រុមជា ៥ Pots សម្រាប់ចាប់ឆ្នោតជ្រើសរើសពូល ។ ក្រុមដែលនៅក្នុង Pots ជាមួយគ្នា គឺចាប់ឆ្នោតដាក់ពូលផ្សេងគ្នា។ ក្រុម Pots ទាំង៥ រួមមាន៖
Pots ១៖ ថៃ និងវៀតណាម
Pots ២៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី
Pots ៣៖ សិង្ហបុរី និងហ្វីលីពីន
Pots ៤៖ មីយ៉ាន់ម៉ា និងកម្ពុជា
Pots ៥៖ ឡាវ និង ទីម័រខាងកើត ឬ ប្រ៊ុយណេ
បើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថាពិធីចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែសីហា នៅរាជធានីបាងកក ប្រទេសថៃ វេលាម៉ោង ២:០០នាទីរសៀល នៅកម្ពុជា។
ចំណែកឯរូបមន្តនៃការប្រកួតក្នុងពានរង្វាន់នេះត្រូវបែងចែកក្រុមចូលរួមជា២វគ្គ មានវគ្គជម្រុះ និងវគ្គចែកពូល។ សម្រាប់វគ្គជម្រុះ គឺក្រុមជម្រើសជាតិទីម័រខាងកើត ត្រូវប៉ះ ក្រុមជម្រើសជាតិប្រ៊ុយណេ រកអ្នកឈ្នះឡើងទៅវគ្គចែកពូល ជាមួយប្រទេសចំនួន៩ផ្សេងដែលកំពុងរង់ចាំរួចជាស្រេច។ វគ្គចែកពូលមានមានសរុបចំនួន១០ ក្រុម បែងចែកជា ២ពូល ក្នុង១ពូល មាន៥ក្រុម ហើយក្រុមលេខ១និងលេខ២តាមពូលនីមួយៗ មានឈ្មោះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង។
ក្រុមជម្រើសជាតិ ថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក, សិង្ហបុរី ឈ្នះបាន៤លើក, វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក ខណៈ ឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕