U-23 កម្ពុជា ក្នុងដំណើរវិលត្រឡប់មកប្រកួតត្រៀមស៊ីហ្គេម ២០២៣ និងការធ្វើតេស្តជាមួយ U-23 ជប៉ុន…!
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដែលនេះជាការត្រៀមដ៏សំខាន់មួយ ដើម្បីដកស្រង់បទពិសោធន៍ ជាមួយក្រុមដែលមានកម្រិតខ្ពស់ជាង ហើយក៏ជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែលចូលរួមការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។
ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
អ្នកចាត់ការក្រុមជម្រើសជាតិ លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធន៍ថ្មីមួយ ដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធន៍ម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ។ នេះក៏ជាឱកាសលើកទី២ ដែលយើងបានប្រកួតជាមួយពួកគាត់ អ៊ីចឹងជាការប្រកួតប្រជែងបន្ថែមថ្មីទៀត សម្រាប់ជាការពង្រឹងសមត្ថភាព ជាមួយនឹងកីឡាករដែលមានកម្រិតខ្ពស់ជាងយើង។ ទាំងអស់ហ្នឹង ជាផ្នែកមួយដែលអាចជាផលវិជ្ជមានសម្រាប់កីឡាករយើង ហើយជាការប្រកួតមួយ ដែលយើងលេងក្នុងទឹកដីរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ។ អ៊ីចឹង នេះជាការប្រកួតមួយដែលយើងគិតថាអាចជាផលចំណេញសម្រាប់យើងក្នុងការប្រកួត»។
ដើមឡើយ នៅខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិ U-23 កម្ពុជា ត្រូវត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសចិន តែដោយសារបញ្ហាកូវីដ-១៩ ក្នុងប្រទេសនេះ ក៏ត្រូវបានលើកពេលទៅប្រកួតនៅឆ្នាំ២០២៣ វិញ។ យ៉ាងណាមិញ អ្នកចាត់ការក្រុមជម្រើសជាតិដដែលរូបនេះ បានបញ្ជាក់ថា មិនមែនជាជំនួបដើម្បីជំនួសព្រឹត្តិការណ៍ខាងលើនោះឡើយ។ បន្ថែមលើសពីនេះ គឺដើម្បីឲ្យកីឡាករមានសកម្មភាព ទាំងការហ្វឹកហាត់ ការប្រកួត ក្នុងអំឡុងពេលដែលលីគបាល់ទាត់កម្ពុជាសម្រាក អំឡុងថ្ងៃ FIFA Day។
លោក ឈូក ពិសិដ្ឋ បានបន្ដទៀតថា៖ «ការប្រកួតនេះ មិនមែនជំនួសការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅចិនបានទេ។ ប៉ុន្តែ ដើម្បីរក្សាសកម្មភាព និងការប្រកួតរបស់ក្រុមយុវជន U-23 ក៏ដូចជាឈុតធំ អ៊ីចឹងជាការប្រកួតមួយ ដែលយើងអាចថារក្សាសកម្មភាព និងការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់យើងដូចគ្នា។ ហើយដូចបានបញ្ជាក់អ៊ីចឹង FIFA Day ខែ៩ ជា FIFA Day ចុងក្រោយ នៅក្នុងឆ្នាំហ្នឹង។ អ៊ីចឹង យើងមានការប្រកួត U-23 ផង ឈុតធំផង ដែលអនុញ្ញាតឲ្យកីឡាករពីក្លិបយើង បានចូលរួមការប្រកួត និងការប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិ»។
ជាមួយគ្នានឹងការប្រកួតរបស់ឈុតអាយុក្រោម២៣ឆ្នាំ ដែលត្រៀមស៊ីហ្គេម ក្រុមជម្រើសជាតិឈុតធំ ក៏នឹងមានការប្រកួតផងដែរ ពោលគឺត្រូវប្រកួតជាមួយជម្រើសជាតិបង់ក្លាដេស ២ថ្ងៃបន្ទាប់ (ថ្ងៃទី២២ ខែកញ្ញា) ពីការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ខណៈកីឡាករ U-23 កម្ពុជា មួយចំនួន ក៏មានឈ្មោះនៅក្នុងឈុតធំផងដែរនោះ ដែលនាំឲ្យមានការពិចារណាបន្តិចបន្តួច ជុំវិញការជ្រើសរើសកីឡាករ និងបែងចែកក្រុម។
លោក ឈូក ពិសិដ្ឋ បានសង្កត់ធ្ងន់ថា៖ «ជាគំនិតឥឡូវនេះ យើងនឹងបែងចែកដាច់ដោយឡែក ប៉ុន្តែយើងនឹងពិនិត្យស្ថានភាពជាក់ស្ដែង។ ប៉ុន្តែ បើមើលទៅយើងពិបាកក្នុងការដាក់បញ្ចូលគ្នាណាស់ ដោយសារតែការប្រកួតកៀកៗគ្នា។ អ៊ីចឹង មិនអាចកីឡាករមួយ លេងប្រកួតមួយហើយ មកលេងប្រកួតមួយទៀតកើត។ អ៊ីចឹង ប្រហែលជាអាចដាច់ដោយឡែកតែម្ដង។ ប៉ុន្តែឥឡូវនេះ យើងកំពុងពិចារណា មិនទាន់សម្រេចជារួមតែម្ដងទេ ដោយសារតែឥឡូវគឺយើងកំពុងតែពិនិត្យមើលបញ្ជីឈ្មោះកីឡាករ ដែលយើងនឹងកោះហៅសម្រាប់ចូលរួមប្រមូលផ្ដុំ។ ឥឡូវ យើងកំពុងតែពិនិត្យមើលសិនថា តើកម្រិតកីឡាករយើងណាខ្លះ ពួកគាត់ទៅ U-20 កីឡាករណាខ្លះដែលគាត់នឹងត្រូវលេង ហើយយើងមានពាក់ព័ន្ធនឹងការធ្វើតេស្តកាយសម្បទា មុននឹងការប្រមូលផ្ដុំទៀត»។
ក្រុមដែលប្រកួតមិត្តភាពនៅខែកញ្ញាខាងមុខនេះ នឹងប្រមូលផ្ដុំទៅដោយសមាសភាពកីឡាករដែលមានអាយុក្រោម២៣ឆ្នាំ ត្រូវនឹងលក្ខខណ្ឌអាយុនៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ប្រភេទកីឡាដ៏មានប្រជាប្រិយភាព (បាល់ទាត់) វិញ្ញាសាបុរស អាយុក្រោម២៣ឆ្នាំ មួយនេះ៕