កម្ពុជាគ្រោងរៀបចំជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍ សម្រួចគុណភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣!
ភ្នំពេញៈ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបានការអនុញ្ញាតរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាខែមីនា ឆ្នាំ២០២៣ ដើម្បីសម្រួចគុណភាពទាំងការរៀបចំ និងបង្កើនគុណភាព បច្ចេទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
យោងតាមលិខិតផ្លូវការរបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអនុញ្ញាតឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ លិខិតអនុញ្ញាត ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានស្នើសុំមក CAMSOC ស្របពេលសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានផ្ដល់សិទ្ធិឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះកាលពីថ្មីៗនេះ។
ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ សហព័ន្ធបានត្រៀម ៣០វិញ្ញាសា ដើម្បីចូលរួមប្រជែងមេដាយ។ សហព័ន្ធបានយកព្រឹត្តិការណ៍កម្រិតអាស៊ីអាគ្នេយ៍ ក្នុងនាមជាម្ចាស់ផ្ទនេះ ដើម្បីសម្រួចបច្ចេកទេសទាំងកីឡាករ កីឡាការិនី និងអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីឆ្ពោះទៅសម្រេចផែនការយុទ្ធសាស្រ្តរបស់ខ្លួន តាមសន្ទស្សន៍មេដាយមាស CAMSOC ដែលបានដាក់គោលដៅឱ្យប្រភេទកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមមេដាយមាសឱ្យបាន៩គ្រឿង សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងជាផ្លូវការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។
គួររម្លឹកថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាធ្លាប់ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍នេះ ៣លើកកន្លងមក ដោយលើកទី១ ឆ្នាំ២០១១, លើកទី២ ឆ្នាំ២០១៣, លើកទី៣ ឆ្នាំ២០១៧ ។ កម្ពុជាក៏ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះ ជើងឯកវ៉ូវីណាមពិភពលោក លើកទី៦ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ជាប្រភេទកីឡាមួយដ៏មានសក្តានុពលរបស់កម្ពុជា វ៉ូវីណាមតែងតែប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿង ពីការប្រកួតអន្តរជាតិនានា យកមកជូនជាតិ រាប់ទាំងការប្រកួតកីឡាថ្នាក់តំបន់ ដ៏ធំរៀងរាល់២ឆ្នាំម្តង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ ៕ (ប្រភព ក្រសួងព័ត៌មាន)