ជម្រើសជាតិកម្ពុជា ទាំងពីរឈុតនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃទី១៥ ខែកញ្ញា!

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម ២៣ឆ្នាំ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ជម្រើសជាតិបង់ក្លាដេស និងជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ។
សម្រាប់ឈុតធំគឺមានកីឡាករ ៤០នាក់ត្រូវបានកោះហៅក្នុងបញ្ជីបឋម រួមមានមកពី ១១ក្លិប លីគទី១ លីគទី២កម្ពុជា និងលីគក្រៅប្រទេស (លីគទី៣ អាមេរិក) ពោលគឺ វិសាខា ១០នាក់, បឹងកេត ៦នាក់, ភ្នំពេញក្រោន ៥នា់, ព្រះខ័នរាជស្វាយរៀង ៥នាក់, អគ្គិសនីកម្ពុជា ៥នាក់, ណាហ្គាវើលដ៍ ៣នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២នាក់, ព្រៃវែង ១នាក់, សូលទីឡូអង្គរ ១នាក់, គីរីវង់សុខសែនជ័យ ១នាក់ និងក្លិប Orlando City SC B ១នាក់ផងដែរ។
បញ្ជីឈ្មោះ U-23 កម្ពុជា សរុបមានកីឡាករចំនួន ៣៥នាក់ មកពី ១៣ក្លិបនៃពានរង្វាន់លីគកំពូល និងលីគទី២ កម្ពុជា ពោលគឺមកពីក្លិបបឹងកេត ៥នាក់, ព្រៃវែង ៤នាក់, ណាហ្គាវើលដ៍ ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, កងយោធពលខេមរភូមិន្ទ ៣នាក់, អគ្គិសនីកម្ពុជា ៣នាក់, គីរីវង់សុខសែនជ័យ ៣នាក់, វិសាខា ២នាក់, ភ្នំពេញក្រោន ២នាក់, អង្គរថាយហ្គឺរ ២នាក់, នគរបាលជាតិ ២នាក់, កោះកុង ១នាក់ និង អាយអេសអាយ ដង្កោសែនជ័យ ១នាក់។
បើតាមការបញ្ជាក់ដោយ លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៅលើវិបសាយផ្លូវការស៊ីហ្គេម កម្ពុជា ឆ្នាំ២០២៣ cambodia2023.com កីឡាករទាំង ៣៥នាក់នេះ នឹងត្រូវធ្វើតេស្តកាយសម្បទា (30-15IFT) ជាមុនសិននៅថ្ងៃទី១៣ ខែកញ្ញា រួចទើបចាប់ផ្ដើមប្រមូលផ្ដុំជាផ្លូវការនៅថ្ងៃទី១៥ ខែដដែល។
ចំពោះកាលវិភាគប្រកួតវិញប្រកួតវិញ U-23 កម្ពុជា នឹងត្រូវជួប U-23 ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:០០នាទីយប់ ៕

អត្ថបទដែលជាប់ទាក់ទង