កីឡាការិនីហែលទឹក កាំង មុយនីន ដណ្តើមមេដាយ៤ ម្នាក់ឯងជូនកម្ពុជា!
ក្រុមកីឡាហែលទឹកកម្ពុជា ដណ្តើមមេដាយរហូតដល់៤គ្រឿង ពីព្រឹត្តិការណ៍កីឡាហែលទឹក Finswimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេសថៃ ខណៈការប្រកួតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ។
មេដាយទាំង៤គ្រឿងរបស់កម្ពុជាគឺ មាស ៣គ្រឿង និង សំរិទ្ធ១គ្រឿង រកបានដោយកីឡាការិនី កាំង មុយនីន ម្នាក់ឯងដោយក្នុងនោះលើវិញ្ញាសា៖ Women 200m Bifins ទទួលបានមេដាយមាស, វិញ្ញាសា Women 100m Bifins ឈ្នះមេដាយមាស, វិញ្ញាសាWomen 400m Bifins ឈ្នះមេដាយមាស និងវិញ្ញាសា Women 50m Bifins ឈ្នះមេដាយសំរឹទ្ធិផងដែរ ។
សូមបញ្ជាក់ថាសមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញឱ្យសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន ០៨នាក់ ដើម្បីទៅចូលរូមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 រួមមាន៖
១. លោក ហែម គីរី ប្រតិភូ
២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
៣. កញ្ញា កាំង មុយនីន កីឡាការិនី
៤. កញ្ញា ឃឺន ប៊ុនពេជ្រមរតក កីឡាការិនី
៥. លោក លឹម កែវឧត្តម កីឡាករ
៦. លោក ឆោម ច័ន្ទថន កីឡាករ
៧. លោក ទួន ទិត្យសត្យា កីឡាករ
៨. លោក លឹម សុខវឌ្ឍន៍នន្ទ កីឡាករ
សហព័ន្ធខ្មែរកីឡាហែលទឹក ចាត់ទុកថានេះជាការចូលរួមប្រកួតមួយដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ឈានឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ នឹងបានសម្រេចដាក់បញ្ជូលប្រភេទកីឡា Finswimming ក្នុងការប្រកួតផងដែរ ហើយក៏ជាប្រភេទកីឡាអទិភាពមួយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការដណ្តើមយកមេដាយពីការប្រកួតផងដែរ។
សូមបញ្ជាក់ថាការប្រកួតនេះមាន១៦ប្រទេស បញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតប្រជែង ដោយសរុបមានកីឡាករ កីឡាការិនី ចំនួន ២៣០នាក់ ខណៈកម្ពុជា បានបញ្ចប់ចំណាត់ថ្នាក់លេខ៥ក្នុងតារាងមេដាយ ៕