ណាហ្គាវើលដ៍មានកីឡដ្ឋានផ្ទាល់ខ្លួនលើកមុខមាត់ក្លិប និងលីគកម្ពុជាមួយកម្រិតទៀត!

កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ផ្តើមការដ្ឋានសាងសង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយសាងសង់នៅលើផ្ទៃដីមានទំហំ ៤៣ ៤០២ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គួរអោយដឹងដែរថាកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញនេះ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានចំនួន៣០០០ នាក់ មានទំហំ ៨៨៤៨ម៉ែត្រការ៉េ កម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) ចំណាយថវិកាសរុបអស់ប្រមាណជាង ១៧០០ ០៧៨ ៣០០រៀល ស្មើរនឹង ៤ ២៥០ ៦៩៥ ដុល្លារអាមេរិក។ ក្រៅពីកីឡដ្ឋានក៏មានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផងដែររួមមាន៖ សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡា។
នាថ្ងៃសម្ពោធកីឡដ្ឋានថ្មីស្រឡាងនេះ លោក ឃឹម បូរី គ្រូបង្គោលក្លិបណាហ្គាវើលដ៍ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្លិបមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ការប្រកួតនានា ក្រោយក្លិបត្រូវបានបង្កើតឡើង ២១ឆ្នាំកន្លងមក។ លោកបន្ដទៀតថា ការមានកីឡដ្ឋានផ្ទាល់ខ្លួនមិនត្រឹមតែលើកមុខមាត់ក្លិបទេ តែក៏ជួយលើកមុខមាត់លីគបាល់ទាត់ជាតិដែរ។ ទាក់ទងទៅនឹងការហ្វឹកហាត់ លោក ឃឹម បូរី គ្រូបង្គោលណាហ្គាវើលដ៍បាននិយាយថា នឹងនៅតែធ្វើឡើងនៅភ្នំពេញដដែលទេ តែមុនការប្រកួត២ថ្ងៃចូលមកដល់ ក្រុមលោកនឹងមកសម្រាកនៅខេត្តកំពង់ស្ពឺ ។
នៅចុងខែកញ្ញា ក្លិបបាល់ទាត់ណាហ្គាវើលដ៍នឹងមានការប្រកួតរវាងក្រុមធំ និងក្រុមយុវជនរបស់ខ្លួន ដើម្បីឲ្យសុំានឹងទីលាន មុនទទួលការប្រកួតផ្លូវការលើកដំបូងរវាងក្លិបណាហ្គាវើលនិងជាមួយក្លិបគិរីវង់សុខសែនជ័យ នៅដើមខែតុលាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង