ឡេង ណូរ៉ា មានក្ដីស្រមៃចង់លេងស៊ីហ្គេម២០២៣នៅកម្ពុជា!

កីឡាករវ័យក្មេងកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា ដែលទើបបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំ បានបង្ហើបពីក្ដីស្រមៃរបស់ខ្លួន ក្នុងការជាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
យោងតាមវេបសាយ Cambodia 2023 យុវជនឆ្នើមរបស់ក្លិបបាល់ទាត់វិសាខាបាននិយាយយ៉ាងដូច្នេះថា ៖«វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ»។
ការខកខានស៊ីហ្គេមនៅវៀតណាមជារឿងស្ដាយបំផុតមួយសម្រាប់រូបគេ ក្នុងការក្រេបយកបទពិសោធពីព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលើកនេះស៊ីហ្គេមនៅកម្ពុជារូបគេនឹងប្រឹងប្រែង ជាមួយការប្ដេជ្ញាចិត្ត ដើម្បីសម្រេចក្ដីស្រមៃមួយនេះឲ្យខានតែបាន។
ការបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំជាលើកដំបូងនេះរបស់ ណូរ៉ា គឺត្រៀមចូលរួមប្រកួតពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងពីថ្ងៃទី១៤ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង