សហព័ន្ធ E-Sports ប្រកាសវិញ្ញាសាផ្លូវការសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣!
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រកាសវិញ្ញាសា សម្រាប់ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការហើយដែលមានសរុបចំនួន ៩វិញ្ញាសាដើម្បីធ្វើការ ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជានេះ។
វិញ្ញាសាទាំង ៩ ដែលសហព័ន្ធទើបប្រកាសកាលពីថ្មីៗនេះរួមមាន៖ ទី១-វិញ្ញាសាក្រុម AK2(PC), ទី២-វិញ្ញាសាឯកត្តជន AK2(PC), ទី៣-វិញ្ញាសាក្រុម PUBG Mobile, ទី៤-វិញ្ញាសាឯកត្តជន PUBG Mobile, ទី៥-វិញ្ញាសាក្រុមបុរស Mobile Leagends: Bang Bang (Mobile), ទី៦-វិញ្ញាសាក្រុមនារី Mobile Leagends: Bang Bang (Mobile), ទី៧-វិញ្ញាសាក្រុមបុរស League Of League: Wild Rift (Mobile), ទី៨-វិញ្ញាសាក្រុមនារី League Of League: Wild Rift (Mobile) និងទី៩-វិញ្ញាសាក្រុម Cross Fire (PC)។ ទន្ទឹមជាមួយការប្រកាសវិញ្ញាសាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ជាផ្លូវការនេះ សហព័ន្ធបានក្រើនរំលឹកដល់កីឡាករ-កីឡាការិនីរបស់ខ្លួនឲ្យបន្ដការហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមតាមវិញ្ញាសារៀងៗខ្លួន ដើម្បីអាចចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ។
គួរបញ្ជាក់ថា ការប្រកាសវិញ្ញាសានេះ បន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានកំណត់ប្រភេទកីឡា ៣៩ បូកកីឡាសម្ដែង ១ប្រភេទដាក់ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាកាលពីថ្មីៗ និងការប្រជុំលេខាធិការដ្ឋានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងបាងកកកាលពីថ្មីៗ ដែលបានពិភាក្សា និងកំណត់វិញ្ញាសាប្រកួត តាមប្រភេទកីឡានីមួយៗសម្រាប់ស៊ីហ្គេមនៅកម្ពុជា៕