លោក Figo ជឿជាក់លើ Ronaldo ជួយឲ្យព័រទុយហ្គាល់ឈ្នះពាន World Cup នៅកាតា!
អតីតកីឡាករបាល់ទាត់អន្តរជាតិព័រទុយហ្គាល់ Luís Figo ជឿជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានឱកាសឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ដែលនឹងធ្វើឡើងនៅប្រទេសកាតា។
ថ្លែងក្នុងវេទិកា Football Talks ក្នុងទីក្រុង Oeiras លោកបាននិយាយថា៖ “ខ្ញុំគិតថា ព័រទុយហ្គាល់មានក្រុមជម្រើសជាតិល្អបំផុតមួយក្នុងពិភពលោក។ ជោគជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោក ឬជើងឯកទ្វីបអឺរ៉ុប គឺអាស្រ័យទៅលើកត្តាជាច្រើន មិនត្រឹមតែលើគុណភាពបុគ្គល និងក្រុមប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ព័រទុយហ្គាល់ បន្ទាប់ពីវគ្គជម្រុះដ៏ស្មុគស្មាញកន្លងមក នឹងអាចបង្ហាញពីតម្លៃពេញលេញ និងសម្រេចបាននូវគោលដៅរបស់ពួកគេ គឺឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពាន World Cup ។”
ក្នុងវគ្គចែកពូលនៃការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា ក្រុមព័រទុយហ្គាល់ត្រូវជួបជាមួយ ហ្គាណា អ៊ុយរុយហ្គាយ និងកូរ៉េខាងត្បូង។
លោក Figo ដែលធ្លាប់លេងឱ្យ Sporting, Barcelona, Real Madrid និង Inter Milan បានសរសើរពីសមត្ថភាពរបស់ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo ទោះបីជាបច្ចុប្បន្នគាត់ជួបការលំបាកនៅ Manchester United ក៏ដោយ។
គាត់បាននិយាយបន្តថា៖ “ខ្ញុំមិនមានការសង្ស័យអំពីគុណភាព ការរួមចំណែក និងវិជ្ជាជីវៈរបស់ Cristiano នោះទេ។ ខ្ញុំប្រាកដថា គាត់នឹងលេងនៅ World Cup ក្នុងលក្ខខណ្ឌល្អបំផុត ហើយខ្ញុំគិតថាព័រទុយហ្គាល់អាចទុកចិត្តលើគាត់បាន អំពីអ្វីដែលគាត់អាចផ្តល់ឱ្យក្រុមជម្រើសជាតិ”។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ៕