គោព្រៃជំទង់កម្ពុជាចេញទៅប្រកួតជម្រុះ AFC U20 នៅតាជីគីស្ថានកាលពីមិញយប់នេះ!

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជាបានចេញទៅប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ីយុវជនអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup 2023 នៅប្រទេសតាជីគីស្ថានហើយកាលពីវេលាម៉ោង ១១៖៥៥នាទីយប់មិញនេះ។
ក្រុមគោព្រៃជំទង់កម្ពុជានឹងត្រូវចំណាយពេលប្រមាណជាង ១៩ម៉ោងក្នុងការធ្វើដំណើរ ពោលគឺគ្រោងទៅដល់ប្រទេសតាជីគីស្ថាននាល្ងាចថ្ងៃទី១៣ ខែកញ្ញា មុនប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិ U20 លីបង់ តែ១ថ្ងៃប៉ុណ្ណោះ ដោយសារតែការធ្វើដំណើរនេះមានចម្ងាយឆ្ងាយ និងខ្វះជើងហោះហើរ ។ គួរដឹងថា ក្រុមយុវជន U20 កម្ពុជាស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ និងសិង្ហបុរី ។ ចំពោះប្រកួតទី២បន្ទាប់ពីប្រកួតបើកឆាកជាមួយលីបង់ កម្ពុជានឹងត្រូវជួបក្រុម U20 សិង្ហបុរីនាថ្ងៃទី១៦ ខែកញ្ញា និងចុងក្រោយជួបក្រុម U20 តាជីគីស្ថាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ។
បេសកកម្មនេះដែរដឹកនាំដោយគ្រូបង្វឹកជប៉ុនលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា រួមជាមួយកីឡាករ ២៣នាក់មកពីសាលាបាល់ទាត់ជាតិបាទី ៧នាក់, ព្រៃវែង ៤នាក់, សូលទីឡូអង្គរ ៣នាក់, ភ្នំពេញក្រោន ២នាក់, វិសាខា ២នាក់, ព្រះខ័នរាជស្វាយរៀងម្នាក់, កងយោធពលខេមរភូមិម្នាក់, អង្គរថាយហ្គឺរម្នាក់, ណាហ្គាវើលដ៏ម្នាក់ និងកីឡាករអាស៊ីអឺរ៉ុបម្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង