លោក Todd Boehly បញ្ជាក់មូលហេតុបញ្ចប់តំណែងលោក Tuchel!

លោក Todd Boehly ម្ចាស់ក្លិបថ្មីរបស់តោខៀវ Chelsea បានពន្យល់ជាសាធារណៈពីមូលហេតុដែលឈានដល់ការចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Thomas Tuchel។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានបញ្ចប់តំណែង បន្ទាប់ពីបរាជ័យនៅទឹកដី Dinamo Zagreb ១-០ នៅ UCL តែលទ្ធផលគ្រាន់តែជាចំណែកមួយនៃការបញ្ចប់តំណែងប៉ុណ្ណោះ ខណៈទំនាក់ទំនងរវាង Tuchel និងលោក Boehly គឺជាបញ្ហាចម្បង។
សន្និសីទសារព័ត៌មានមួយលោក Todd Boehly បានពន្យល់ថា អតីតអ្នកចាត់ការ PSG និង Dortmund រូបនេះមិនបានស្របជាមួយចក្ខុវិស័យរបស់នាយកក្លិបថ្មីឡើយ។ លោក Todd Boehly បន្តថា នៅពេលដែលអ្នកកាន់កាប់ជំនួញអ្វីមួយ ចាំបាច់ណាស់អ្នករួមដំណើរទាំងអស់ត្រូវមានចក្ខុវិស័យដូចៗគ្នា ត្រូវជិះលើទូកតែមួយ។ លោក Tuchel ជាអ្នកចាត់ការដែលមានសមត្ថភាពម្នាក់ គ្រាន់តែពួកយើងមិនស្របគំនិតគ្នាប៉ុណ្ណោះ។ រំលឹកថា លោក Tuchel បានមកកាន់តំណែងនៅ Stamford Bridge កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជំនួសលោក Frank Lampard និងបានដឹកនាំក្រុមឈ្នះជើងឯក UEFA Champions League ត្រឹមរយៈពេល ៤ខែក្នុងតំណែង ។
ក្រោមការវិនិយោគដោយម្ចាស់ក្លិបថ្មីលោក Todd Boehly ដែលទិញភាគហ៊ុនក្លិបមកគ្រប់គ្រងពីសេដ្ឋីរុស្ស៊ី Roman Abramovich នោះ Chelsea បានចំណាយលុយ ២៥៥.៣លានផោនក្នុងការនាំចូលកីឡាករថ្មីដែលមានដូចជា Raheem Sterling ពី Manchester City, ខ្សែការពារ Cucurella ពី Brighton ជាដើម។ Chelsea ចាប់ផ្តើមរដូវកាលនៅ English Premier League ក៏មិនល្អដែរដោយកំពុងឈរលេខ ៦ ក្នុងតារាងឈ្នះ ៣ ស្មើ ១ ចាញ់ ២ មាន១ពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង