អត្តពលិកកម្ពុជា១៦១នាក់ ចេញទៅហាត់នៅចិន ដើម្បីបង្កើនសមត្ថភាព ត្រៀមស៊ីហ្គេមលើកទី៣២!

យោងតាមការចុះរបស់ Cambodia 2023 បានឲ្យដឹងថាប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិនហើយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ដើម្បីបោះជំរំហ្វឹកហាត់រយៈពេលវែង ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
បេសកកម្មនេះ ធ្វើឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ កីឡាករ កីឡាការិនីទាំងអស់ ត្រូវហ្វឹកហាត់ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បើសិនគ្មានការប្រែប្រួលនោះទេ ពួកគេនឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។
មុនចាកចេញពីមាតុភូមិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានរៀបចំកម្មវិធីជួបសំណេះសំណាល និងជូនដំណើរ ដល់ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គួរដឹងថា ឯកឧត្តម វ៉ាត់ ចំរើន បានផ្ដាំផ្ញើប្រតិភូ គ្រូ និងកីឡាករ កីឡាការិនី មុនចេញដំណើរថា ត្រូវយកចិត្តទុកដាក់បំផុត និងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្លួន ឲ្យទទួលបានសិទ្ធផល និងគុណផលកម្រិតខ្ពស់ សម្រាប់ត្រៀមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។ លើសពីនេះ ក៏ត្រូវគោរពឲ្យបាននូវវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បីរក្សានូវកិត្តិយសជាតិ ជាពិសេសដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែង និងរឹងមាំបន្ដទៀត រវាងកម្ពុជា-ចិន។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ៖«ការហ្វឹកហាត់ជារឿងធម្មតារបស់យើង តែត្រូវធ្វើរឿងធម្មតានេះ ឲ្យក្លាយទៅជារឿងអស្ចារ្យ សម្រាប់ជោគជ័យនៃជីវិតរបស់យើង នៅក្នុងអាជីពជាកីឡាករ កីឡាការិនីជម្រើសជាតិ ហើយការទៅហ្វឹកហាត់លើនេះ គឺក្នុងនាមជាតិទាំងមូល ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតរាជរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដូច្នេះយើងទាំងអស់គ្នា ត្រូវគោរពវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បីរក្សានូវកិត្តិយសនេះឲ្យប្រទេសទាំងពីរ និងឆ្ពោះទៅរកជោគជ័យនាឆ្នាំ២០២៣»។
សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា ដែលចេញទៅហាត់នៅចិនថ្ងៃនេះ គឺមានប្រតិភូ ២នាក់ ព្រមទាំងគ្រូ និងកីឡាករ កីឡាការិនី ១៥៩នាក់ ដែលមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងកីឡាបាល់ទះ (១៥នាក់)៕

អត្ថបទដែលជាប់ទាក់ទង