Barcelona បន្តកិច្ចសន្យាជាមួយ Gavi រហូតដល់ឆ្នាំ ២០២៦!

យោងតាមវេបសាយផ្លូវការរបស់ Barcelona បានបង្ហាញថាខ្សែបម្រើវ័យក្មេងរបស់អេស្ប៉ាញ Pablo Martín Páez Gavira ឬ Gavi បានសំរេចបន្តកិច្ចសន្យាជាមួយក្រុមអ្នកមានបុណ្យ Barcelona រហូតដល់ឆ្នាំ២០២៦ អមជាមួយនឹងតម្លៃផ្តាច់កុងត្រាដល់ទៅ ១ពាន់លានអឺរ៉ូ។ កីឡាករវ័យ ១៨ឆ្នាំរូបនេះគឺជាកីឡាកររបស់ Barcelona តាំងពីឆ្នាំ២០១៥ និងមានសុពលភាពកិច្ចសន្យាចាស់ដល់ឆ្នាំ២០២៣។
Gavi បានចូលលេងឱក្រុមធំ Barcelona នៅខែសីហា ឆ្នាំ២០២១ ក្នុងវ័យ ១៧ឆ្នាំ ២៤ថ្ងៃ ជាកីឡាករវ័យក្មេងបំផុតទី៤ ក្នុងប្រវត្តិសាស្ត្រ Barcelona ហើយ Gavi ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតទី៣ ដែលអាចរកគ្រាប់បាល់បាននៅពេលស៊ុតបញ្ចូលទីទល់នឹង Elche កាលពីខែធ្នូ ឆ្នាំ២០២១ ផងដែរ។
Gavi ក៏ត្រូវបានលោក Luis Enrique កោះហៅចូលក្រុមជំរើសជាតិអេស្ប៉ាញកាលពីខែតុលា ឆ្នាំ២០២១ និងបានក្លាយជាកីឡាករវ័យក្មេងបំផុតបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិអេស្ប៉ាញ។ មិនតែប៉ុណ្ណោះ Gavi ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់បាននៅក្រុមជម្រើសជាតិអេស្ប៉ាញ អំឡុងការប្រកួតទល់នឹងសាធារណរដ្ឋឆែកក្នុងវ័យ ១៧ឆ្នាំ ៣០៤ថ្ងៃបំបែកកំណត់ត្រាចាស់របស់ Ansu Fati កាលពីឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង