ពិធីបើក-បិទកីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំសាកល្បង សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣!

យោងតាមការចុះផ្សាយរបស់គេហទំព័រ Cambodia 2023 ថាការប្រកួតកីឡាជាតិ ឬ National Games លើកទី៣ នឹងត្រូវរៀបចំធ្វើឡើង នាចុងខែវិច្ឆិកាខាងមុខ ខណៈពិធីបើក-បិទព្រឹត្តិការណ៍នេះ គឺជាការសាកល្បងដ៏សំខាន់ ដើម្បីពិនិត្យ វាយតម្លៃ និងកែតម្រូវ សម្រាប់ត្រៀមដំណើរឆ្ពោះទៅរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ការរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយនឹងមានការរៀបចំអោយមហាជនចូលរួមទស្សនា ទៅតាមច្រកចេញ-ចូល ដែលគណៈកម្មការរបស់ CAMSOC បានរៀបចំសាកល្បង ដូចទៅនឹងការរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ។
ឯកឧត្តមបន្ដថា «ពិធីបើក-បិទកីឡាជាតិនេះ គឺជាការសាកល្បងចរន្ដនៃភ្ញៀវ សាកល្បងនៃការរៀបចំទីតាំងអ្នកចូលរួម សាកល្បងក្នុងការរក្សានូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗ និងសាកល្បងការសម្ដែងតូចមួយ។ ការសាកល្បងទាំងអស់នេះ គឺជាការសាកល្បងឲ្យយន្ដការនៃប្រព័ន្ធទាំងអស់ដើរ បើមានខ្វះខាតអ្វី មានចំណុចណាឆ្គង ឬពេលអនុវត្តទៅ ចំណុចណាធ្វើត្រូវ យើងរក្សាទុក ហើយចំណុចណាធ្វើខុស ឬមិនទាន់ត្រូវ គឺយើងនឹងកែប្រែ និងរៀបចំឲ្យហើយ រហូតដល់ស៊ីហ្គេម យើងរៀបចំពិធីបើក-បិទ ដោយកាត់បន្ថយភាពខុសឆ្គងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន»។
គួរដឹងថា តាមគម្រោង ការប្រកួតកីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖
១៖ ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេស ដែលបានបណ្ដុះបណ្ដាលរួច ឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែង នៅលើទីលាន ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
២៖ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត
៣៖ អាចប៉ាន់ស្មានតម្រូវការទីលាន និងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារ នៃការប្រកួតជាលក្ខណៈហ្គេម
៤៖ តេស្ដសាកល្បងនៃការរៀបចំពិធីបើក-បិទ ឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម
៥៖ ជាការសាកល្បងចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕

  

អត្ថបទដែលជាប់ទាក់ទង