គ្រូ U-23 កម្ពុជា និង គ្រូ U23 ជប៉ុន សុទ្ធតែរំពឹងថាកូនក្រុមធ្វើបានល្អ ក្នុងការប្រកួតយប់នេះ!
នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ជាមួយ ក្រុមជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដើម្បីជាគោលដៅត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
លោក Ryu Hirose គ្រូបង្វឹកនៃក្រុម U-23 កម្ពុជា លើកឡើងថា ការប្រកួតជាមួយក្រុម U-23 ជប៉ុន មិនមែនជាការងាយស្រួល ស្របពេលគ្រូរបស់ក្រុម U-23 ជប៉ុន លោក Lee Wooyoung រំពឹងកូនក្រុមធ្វើបានល្អ ទោះបីកីឡាករភាគច្រើនមកពីក្រុមសាកលវិទ្យាល័យក៏ដោយ។
គ្រូ U-23 ជប៉ុន លោក Lee Wooyoung បានលើកឡើងដូច្នេះថា៖ «ជាដំបូងសូមអរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្ដល់ឱកាស និងអញ្ជើញចូលរួមការប្រកួតយប់នេះ។ ទោះបីជាក្រុមរបស់យើងមិនមានកីឡាករអាជីពច្រើនក៏ដោយ ប៉ុន្តែការប្រកួតថ្ងៃនេះជាការប្រកួតមួយដែលសំខាន់ គឺចង់បានលទ្ធផលល្អសម្រាប់ក្រុមផងដែរ។ ចំពោះកីឡាករភាគច្រើន ពួកគាត់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែជាកីឡាករដែលមានសក្ដានុពល ដោយក្រោយការប្រកួតនេះចប់ ពួកគេភាគច្រើននឹងចូលរួមជាមួយក្លិបអាជីព លីគកំពូល និងលីគទី២»។
នៅក្នុងគំនិត លោក Lee Wooyoung ដាក់ក្ដីរំពឹងចង់ឈ្នះការប្រកួតនេះ បើទោះបីជាកូនក្រុមរបស់លោកជានិស្សិតសាកលវិទ្យាល័យក៏ដោយ និងអាចបង្ហាញភាពខ្លាំង និងទម្រង់លេងបានល្អផងដែរ។
ដោយឡែក លោក Ryu Hiros គ្រូ U-23 កម្ពុជាក៏បានលើកឡើងផងដែរថា៖ «យើងគិតថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែង ថាតើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង។ នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា»។
គ្រូបង្វឹកវ័យ ៦៦ឆ្នាំបានសង្កត់ធ្ងន់បន្ថែមថា៖ «ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុនគឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង។ វានឹងមិនមែនជាការប្រកួតងាយស្រួលឡើយដូចដែលប្រជាជនកម្ពុជារំពឹងនោះទេ។ អ៊ីចឹងយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»។ ។
លោកក៏បានបន្ថែមឲ្យដឹងទៀតពីការត្រៀមខ្លួនរបស់ក្រុមគឺធ្វើបានល្អ ប៉ុន្តែមិនមានអារម្មណ៍ថាជាការប្រកួតដ៏ងាយស្រួលឡើយ ជាពិសេសក្រុម U-23 ជប៉ុន ទើបតែលេងចាញ់ ក្រុមកូរ៉េ។
បញ្ជាក់ផងដែរថា ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន នឹងធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់នេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ៕