Brighton រកបានគ្រូបង្គោលថ្មី ធ្លាប់ដឹកនាំ Shakhtar Donetsk

ក្លិប Brighton បានប្រកាសចាត់តាំងគ្រូបង្គោលថ្មី បន្តពីលោក Graham Potter ដែលបានចាកចេញ ទៅដឹកនាំតោខៀវ Chelsea កាលពីប៉ុន្មានសប្តាហ៍មុន។ នេះជាការបំពេញ ក្រោយក្លិបចន្លោះតំណែងគ្រូបង្គោល ហើយក៏តែងតាំងកីឡាករជាប្រធានក្រុម ឲ្យដឹកនាំជំនួសបណ្តោះអាសន្ន។

សម្រាប់ក្លិបកំពុងឈរលេខ ៤ នៅតារាង Premier League បានចាត់តាំងបុរសវ័យ ៤៣ ឆ្នាំលោក Roberto De Zerbi ជាគ្រូបង្គោលថ្មី ដែលលោកធ្លាប់ជាគ្រូដឹកនាំ Shakhtar Donetsk ប្រទេសអ៊ុយក្រែន ហើយក៏បានដឹកនាំក្រុមប្រកួតពានរង្វាន់ UEFA Champions League រដូវកាលចាស់ផងដែរ តែធ្លាក់ត្រឹមវគ្គចែកពូល ។

តាមរយៈការចុះផ្សាយរបស់គេហទំព័រផ្លូវការក្លឹប នាយកជាន់ខ្ពស់លោក Tony Bloom បាននិយាយថា៖ “ខ្ញុំពិតជារីករាយនឹងការ ប្រកាសកិច្ចព្រមព្រៀងរវាង Roberto ក្នុងការក្លាយជាគ្រូបង្គោលថ្មីរបស់ពួកយើង”។ លោកបានបន្ដទៀតថា៖ “ខ្ញុំមានការជឿជាក់លើរបៀបដឹកនាំ យុទ្ធសាស្រ្តរបស់លោក Roberto ដែលសក្តិសមទៅនឹងដំណើរការក្រុមរបស់យើងកំពុងមានស្រាប់”។ រំឭកថាបុរសសញ្ជាតិអ៊ីតាលី ហែលកាត់បទពិសោធន៍បង្វឹកអស់ពេលជិត ១០ ឆ្នាំ ហើយការដឹកនាំប្រកួតដំបូងនៅ Brighton គឺត្រូវប៉ះក្រុមខ្លាំងហង្សក្រហម Liverpool នាថ្ងៃទី ០១ តុលាខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង