លោក Ryu Hiros៖ ពួកយើងស្រេកឃ្លានជ័យជម្នះ សម្រាប់ការប្រកួតទល់នឹងបង់ក្លាដែស !

ចំណាប់អារម្មណ៍របស់លោក Hirose Ryu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ។
គ្រូបង្វឹកវ័យ ៦៦ឆ្នាំរូបនេះបានថ្លែងថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកនេះ ពួកយើងមានភាពស្រេកឃ្លានក្នុងការយកជ័យជម្នះ ប៉ុន្តែមិនមែនមានន័យថាជាការប្រកួតដែលងាយស្រួលនោះទេ តែវាជាកាតព្វកិច្ចដែលយើង ត្រូវតែឈ្នះក្នុងការប្រកួតក្នុងផ្ទះរបស់ពួកយើង»។
លោក Ryu Hirose បន្តទៀតថា៖«ទោះបីជាការប្រមូលផ្តុំលើកនេះ មិនសូវមានកីឡាករដែលមានបទពិសោធន៏ លេងអោយក្រុមជម្រើសជាតិឈុតធំច្រើនដូចមុន តែក្រុមរបស់ពួកយើងនឹងលេងដោយមានទំនុកចិត្តខ្ពស់ និងលេងអោយអស់ពីសមត្ថភាព» ។
ចំណែកឯ លោក Javier Martin ជាគ្រូជម្រើសជាតិបង់ក្លាដេសក៏បង្ហាញចំណាប់អារម្មណ៍ថា «យើងយល់ឃើញថាកម្ពុជាបានរៀបចំទទួល ក្រុមរបស់យើងបានល្អបំផុត ដែលវាជាកត្តាសំខាន់ សម្រាប់កីឡាករមានភាពងាយស្រួលក្នុងការត្រៀមការប្រកួត»។
លោក Javier Martin បន្តទៀតថា៖«ដូច្នេះការប្រកួតនៅយប់នេះ ពួកយើងមានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីធ្វើការប្រកួត ឱ្យបានល្អបំផុត ហើយយើងមកទីនេះដើម្បីបង្ហាញអោយអ្នកទាំងអស់គ្នា បានឃើញពីជ័យជម្នះរបស់ពួកយើង»។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:00 យប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានផ្សាយផ្ទាល់នៅលើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង