គុនល្បុក្កតោកម្ពុជា ក្នុងដំណើរឆ្ពោះទៅបង្ហាញខ្លួនលើកដំបូង នៅស៊ីហ្គេម ឆ្នាំ២០២៣

យោងតាមវេបសាយ Cambodia 2023 បានអោយដឹងថា អត្តពលិកគុនល្បុក្កតោកម្ពុជា បាននឹងកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមបង្ហាញវត្តមាន ជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។
កីឡាប្រពៃណីរបស់កម្ពុជា «គុនល្បុក្កតោ» នឹងក្លាយជាប្រភេទកីឡាមួយ នៃកីឡាយុទ្ធគុនចម្រុះ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍  ដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទផងដែរ។ ជាមួយគ្នានេះ លោក វី តារ៉ា គ្រូបង្វឹកនៃគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ កីឡាករ-កីឡាការិនី បាននឹងកំពុងហ្វឹកហាត់យ៉ាងសកម្ម និងហ្មត់ចត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ការប្រកួត។
លោក វី តារ៉ា បានបញ្ជាក់ទៀតថា៖ «ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី មានភាពរលូនធម្មតា អត់មានជាបញ្ហាប្រឈមអ្វីឡើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសាលដំរី ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា ដោយហ្វឹកហាត់មួយថ្ងៃ ២ដង ព្រឹកម្ដង និងរសៀលរហូតដល់ល្ងាចម្ដង ពោល គឺពេលព្រឹកហ្វឹកហាត់ជុំគ្នាទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ ខណៈពេលរសៀល ហ្វឹកហាត់ដោយមានការបែងចែកតាមវិញ្ញាសារៀងៗខ្លួន»។
អត្តពលិកគុនល្បុក្កតោកម្ពុជា ដែលប្រមូលផ្ដុំទៅដោយកីឡាករ-កីឡាការិនី បទពិសោធន៍តិចបំផុត ៣ឆ្នាំ បានហ្វឹកហាត់ជាប់លាប់ជាប្រចាំតាំង ពីឆ្នាំ២០២១មក ខណៈគ្រូបង្វឹកដដែលរូបនេះ មើលឃើញពីភាពរីកចម្រើន នៃគុណផលសម្រាប់ក្រុមដែលត្រូវប្រកួតលើវិញ្ញាសាសម្ដែង ក៏ដូចជាក្រុមដែលប្រកួតលើវិញ្ញាសាប្រយុទ្ធ កំពុងសម្រួចការហ្វឹកហាត់ទៅតាមបទបញ្ជាថ្មី។
«សម្រាប់ក្រុមប្រយុទ្ធ ឃើញថា គាត់ក៏ប្រឹងប្រែងហ្វឹកហាត់ដែរ ពិសេសដោយសារតែយើងមានការកែប្រែផ្លាស់ប្ដូរបទបញ្ជាថ្មី ដើម្បីត្រៀមស៊ីហ្គេម ឃើញថា គាត់កំពុងតែសម្រួចកិច្ចការងាររបស់គាត់ ប្រឹងប្រែងហ្វឹកហាត់ទៅតាម បទបញ្ជាថ្មី ធ្វើយ៉ាងម៉េចឲ្យកីឡាករបានយល់ពីលក្ខន្តិកៈ នៃការដាក់ពិន្ទុ ដើម្បីងាយស្រួលក្នុងការប្រកួតឲ្យបានគុណផលល្អ។
គ្រូបង្វឹកដដែលរូបនេះ បានដាក់ក្ដីរំពឹងថា គុនល្បុក្កតោកម្ពុជា នឹងធ្វើបានលទ្ធផលល្អ ដោយទទួលបានមេដាយមាស ក្នុងចំណោម ២១វិញ្ញាសា ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន។ «សម្រាប់គុនល្បុក្កតោយើង គឺយើងរំពឹងថា នឹងបានគុណផលល្អ បានមេដាយមាសល្អក្នុងចំណោម ២១វិញ្ញាសា ដោយសារតែ យើងជាម្ចាស់ផ្ទះ អ៊ីចឹងបទពិសោធយើងច្រើនជាងគេ។ ប៉ុន្តែ យើងក៏នៅតែពង្រឹងបន្ថែមដែរ ខ្លាចមានការប្រែប្រួលយ៉ាងណា»។
នាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ ឬជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណីមួយនេះ បានត្រៀម ២១វិញ្ញាសា ប្រកួតប្រជែងដណ្ដើមមេដាយ ហើយកម្ពុជា ត្រៀមកីឡាករ-កីឡាការិនី សរុបចំនួន ២៨នាក់ ដោយចែកចេញជា២ គឺវិញ្ញាសាប្រយុទ្ធ មានចំនួន ១២នាក់ និងវិញ្ញាសាសម្ដែង មានចំនួន ១៦នាក់៕

អត្ថបទដែលជាប់ទាក់ទង