Barcelona ចង់យក Messi មកកាន់ Camp Nou វិញនៅឆ្នាំក្រោយ

លោក Eduard Romeu អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន Mundo Deportivo ថា ក្លឹបលោកមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការយក ខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនៅឆ្នាំក្រោយ។
លោក Romeu បាននិយាយថា៖” ដោយសារតែ Messi អាចនឹងយកបានដោយមិនចាំបាច់ចំណាយ អញ្ចឹងច្បាស់ណាស់នេះជាអ្វីដែលពួកយើងអាចធ្វើបាន។ ទោះជាយ៉ាងណាការសម្រេចគឺត្រូវផ្អែកលើលក្ខខណៈបច្ចេកទេស “។
លោកបន្តថា៖” យ៉ាងណាយើងធ្វើទៅតាមកំណត់ ទៅតាមអ្វីយើងអាចធ្វើទៅបាន ដូចកាលពីរដូវកាលក្ដៅកន្លងទៅ យើងពុះពារណាស់ដើម្បីរឿងទិញដូរអីទាំងនេះ ក៏ប៉ុន្តែបើអាចធ្វើអ្វីបំពេញបន្ថែមរឿងហ្នឹងបាន យើងនឹងសិក្សាពីលទ្ធភាព “។
Messi នឹងដាច់កុងត្រាជាមួយ PSG នៅឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែមានលក្ខខ័ណ្ឌអាចបន្តកុងត្រាមួយឆ្នាំបន្ថែមទៀត បើក្លឹបមិនបន្តបន្ថែមកីឡាករនេះនឹងក្លាយជា Free Agent។ តាំងពីផ្លាស់មក PSG មក Messi មិនសូវមានទម្រង់លេងល្អប៉ុន្មានទេជាពិសេសរដូវកាលមុន ប៉ុន្តែនៅក្នុងរដូវកាលនេះ គេហាក់ដូចជាប្រសើរឡើងជាងរដូវកាលមុន៕

អត្ថបទដែលជាប់ទាក់ទង