កម្ពុជា-ចិន ទទួលបានផលចំណេញរៀងខ្លួន ពីកម្មវិធី OCA Fun Run
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី OCA Fun Run នៅតំបន់ជ្រោយចង្វារ (ជុំវិញសណ្ឋាគារសុខារ៉េស៊ីដង់) កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយមានអ្នកចូលរួមរត់កម្សាន្ដប្រមាណ ១ពាន់នាក់ ដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជាផង និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនផង។
កម្មវិធីរត់កម្សាន្ដនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមរត់កម្សាន្ដពីមន្ដ្រីជាន់ខ្ពស់ OCA តំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ក៏ដូចជាប្រតិភូ នៃគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្ដាប្រទេសសមាជិកក្នុងទ្វីបអាស៊ី ដែលបានមកចូលរួមមហាសន្និបាតខាងលើ ក៏បានចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះដែរ។
តាមរយៈការរៀបចំកម្មវិធី OCA Fun Run អំឡុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកជាបទពិសោធន៍ដ៏ល្អ ពោលគឺជាបទពិសោធន៍ផ្ទាល់ ដែលត្រូវរៀនសូត្រ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានន័យថា ជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។
ឯកឧត្តមមានប្រសាសន៍ថា «យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា យើងទទួលបានប្រយោជន៍ច្រើនណាស់ លើការងារបច្ចេកទេស ក្នុងការផ្លាស់ប្ដូរ និងទទួលបទពិសោធន៍ពីក្រុមការងារអន្ដរជាតិ ដែលចូលរួមកម្មវិធីនេះ។ នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ។ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះ គឺកេរ្ដិ៍ឈ្មោះ ក្នុងនាមម្ចាស់ផ្ទះ។ កេរ្ដិ៍ឈ្មោះរបស់យើង គឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ»។
ឯភាគីចិនវិញ បានសម្ដែងការអរគុណដល់កម្ពុជា ដែលទទួលរៀបចំមហាសន្និបាត OCA ហើយបានរៀបចំកម្មវិធីរត់កម្សាន្ដខាងលើ ដែលជាឱកាសក្នុងការបង្ហាញ និងផ្សព្វផ្សាយពីការត្រៀមខ្លួនរៀបចំការប្រកួតកីឡាអាស៊ី លើកទី១៩ ដល់បណ្ដាប្រទេសអាស៊ី និងប្រតិភូទាំងអស់ ដែលចូលរួមមហាសន្និបាតនៅកម្ពុជា ដ្បិតកន្លងមក ខ្លួនពិបាកនឹងរៀបចំកម្មវិធីនេះ ដោយសារបញ្ហាកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោក Xu Jianfeng ប្រធានផ្នែកទំនាក់ទំនងការបរទេស នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022។
លោក Xu Jianfeng និយាយថា «ខ្ញុំសង្ឃឹមថា ការរត់ Fun Run នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពី Asian Games នៅ Hangzhou ទៅកាន់មហាជន ពិសេសប្រជាជនកម្ពុជា ឲ្យគាត់បានស្គាល់កាន់តែច្បាស់ ពីអ្វីទៅជាកីឡាអាស៊ី ហើយមានប៉ុន្មានប្រភេទកីឡា និងវិញ្ញាសាចូលរួម? ក្នុងបរិបទកូវីដ ពិបាកក្នុងការរៀបចំ Fun Run បែបនេះ ដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ីរបស់យើងណាស់។ អ៊ីចឹង ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណ NOCC ដែលទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA និងកម្មវិធី Fun Run នេះឡើង»។
ជារួម ទាំងការរៀបចំកម្មវិធី OCA Fun Run ពិសេសមហាសន្និបាត OCA សុទ្ធតែបានផ្ដល់នូវផលចំណេញ សម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន ពិសេសកម្ពុជា ដែលកំពុងត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លើសពីនេះ ក៏ជាឱកាសផ្សព្វផ្សាយពីប្រធានបទរបស់កីឡាអាស៊ី ដែលផ្ដោតសំខាន់ «កីឡាដើម្បីទាំងអស់គ្នា»។ នេះ បើតាមការលើកឡើងរបស់លោក Wissan Trkmani ប្រធានគម្រោងពិសេសរបស់ OCA។
លោកសង្កត់ធ្ងន់ថា «កម្ពុជា បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំដ៏ធំនេះ ហើយក៏ជាភាពល្អ ទៅកាន់ដៃគូជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ ក្នុងនាមក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី សូមអរគុណ NOCC និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ហើយយើងសង្ឃឹមថា កិច្ចប្រជុំជាបន្ដបន្ទាប់នេះ នឹងទទួលបានផ្លែផ្កា ហើយកម្ពុជានឹងមានឈ្មោះបោះសម្លេងនៅតំបន់អាស៊ី»៕