សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារ (ដប់ម៉ឺនប្រាំបីពាន់បួនរយប៉ែតសិបបួនដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៨៥០គ្រួសារ
(ភ្នំពេញ)៖ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារ (ដប់ម៉ឺនប្រាំបីពាន់បួនរយប៉ែតសិបបួនដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៨៥០គ្រួសារ (ស្មើមនុស្ស ៣.០៥៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលប្រឈមនឹងកង្វះទឹកក្នុងរដូវប្រាំង ក្នុងនោះ អណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១.៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ២០១៩កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២.៨៥៨គ្រួសារ ស្មើមនុស្ស ១០.៧៦៩នាក់៕