ន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ ចំនួន៦០៣នាក់
(ប៉ៃលិន)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ ចំនួន៦០៣នាក់ ក្នុងសហគមន៍ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការផ្តល់ប្រាក់របបគោលនយោបាយ ពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងនិតិសប្បទាពេលនេះ គឺដើម្បីចូលរួមចំណែក ដោះស្រាយ លើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត ប៉ុន្តែមិនបានបំពេញតាមតម្រូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ។ អ្វីដែលសំខាន់ គឺ បងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានប្រសើឡើង។
លោកមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់សន្តិភាព រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍សង្កត់ធ្ងន់ថា ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង និងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរ។ នេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកតាលោកយាយ និងបងប្អូនជនពិការយើង ជាពិសេសខេត្តប៉ៃលិនយើង ត្រូវបានអនុញ្ញាតឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឲ្យដឹងថា ជនពិការក្រីក្រ ដែលបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយ មានចំនួន៦០៣នាក់ (ស្រី១៥២នាក់) ក្នុងនោះទទួល១២ខែ ចំនួន៣៦៣នាក់ (ស្រី៧៦នាក់) និងទទួល០៦ខែ ចំនួន២៤០នាក់ (ស្រី៧៦នាក់) សម្រាប់ឆ្នាំ២០២០៕