អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ទទួលបច្ច័យ ទេយ្យទានពីព្រះសង្ឃ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយបង្ករដោយ គ្រោះធម្មជាតិផ្សេងៗ
(ខេត្តស្វាយរៀង): នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះគ្រូសុភធម្មញាណ ភួង សុភ័ណ្ឌ ព្រះគ្រូសូត្រស្តាំ វត្តបុព្វារាម (ហៅវត្តព្រៃយាយ) ក្នុងក្រុងបាវិត មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបាននាំយកបច្ច័យ ទេយ្យទានចំនួន១៣មុខ គិតជាថវិកាសរុប ៦,៤៨២,៥០០រៀល មកប្រគល់ដល់អនុសាខាក្រុងបាវុត សម្រាប់ ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង ដែលពិធីប្រគល់់នេះធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត។
ព្រះគ្រូ ភួង សុភ័ណ្ឌ បានមានថេរដីការ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហម កម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សំបុរ ឬនិន្នាការ នយោបាយឡើយ ទើបថ្ងៃនេះ ព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ្ធ ប្រគល់ ជូនអនុសាខាក្រុង ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយព្រះអង្គសន្យាថានឹងបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៀតតាមលទ្ធភាពដែលព្រះអង្គមាន ។
នៅក្នុងពិធីទទួលនូវទេយ្យទាននាឱកាសនោះលោក លឹម សៀង ហេង ប្រធានកិត្តិយសអនុសាខាក្រុងបាវិត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តជ្រះថ្លាបានយកបច្ច័យ និងសម្ភារៈទាំងអស់នេះមកប្រគល់ជូន ដល់អនុសាខាកាកបាទក្រហម ក្រុង ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ ។
លោកប្រធានកិត្តិយសអនុសាខាក្រុងបាវិត ក៏បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មធិការសាខា ប្រគេនចំពោះព្រះតេជ គុណ គ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាព មនុស្សធម៌របស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ។
លោក លឹម សៀងហេង បានជម្រាបប្រគេនអំពីសកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ ភាពឈ្លាសវៃនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រមុខ គឺទទួលបានការជឿជាក់គាំទ្រ ពីសំណាក់សប្បុរសជនគ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យ ស្ថាប័នមនុស្សធម៌នេះមានការរីកចំរើនលូតលាស់តាំងពីថ្នាក់ ជាតិរហូតដល់ ថ្នាក់មូលដ្ឋានមិនត្រឹមតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសកម្មជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ថែមទៀតផង ។
លោក លឹម សៀងហេង មានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការ បែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យ របស់ព្រះអង្គជាម្ចាស់ទាន៕ ដោយ:33