កម្ពុជា បន្ដតវ៉ាប្រឆាំងនឹង​សកម្មភាពឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ​បន្តតវ៉ាជំទាស់ទៅនឹង​សកម្ម​ភាពឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ រំលោភបំពានដោយខុសច្បាប់​ មកលើ​ទឹកដីរបស់កម្ពុជា នៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។

ក្រសួងការ​បរទេស និង​សហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានបញ្ជាក់នៅក្នុង​សេចក្តីប្រកាសព័ត៌មាន កាលពី​យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ​ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មាន​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃ​ វាយ​កម្ទេច បំផ្លិចបំផ្លាញចោល នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ស្ថិតក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិត​នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក៏ត្រូវបានយោធាថៃ ​ជីកប្រឡាយ និងសាងសង់​ផ្លូវ​មួយខ្សែ ព្រមទាំងចាក់ដី លុបស្រះទឹក ផងដែរ។ា

ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ​ ហើយជា​ការ​ប៉ុនប៉ងយ៉ាងជាក់ច្បាស់ ក្នុងការបង្កើតភាពស្របច្បាប់ ​ចំពោះការកាន់​កាប់ ​ដោយ​ខុស​ច្បាប់​លើ​ទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈ​កម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរ​បន្ថយភាពតានតឹង ក៏ដូចជា កំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា​-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ ​ថា រាជរដ្ឋា​ភិបាល​កម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ចំពោះ​ការដោះស្រាយជម្លោះព្រំដែន​ទាំង​អស់​ដោយសន្តិវិធី និងមិត្តភាព ជាមួយប្រទេសថៃ ក៏ដូចជា ជាមួយប្រទេសជិត​ខាង​ទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរ ជាគោលការណ៍ ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយកម្លាំងនោះឡើយ៕​

អត្ថបទដែលជាប់ទាក់ទង