សមត្ថកិច្ចខេត្តព្រះសីហនុ ត្រួតពិនិត្យកាស៊ីណូមួយកន្លែង រកឃើញចម្រុះជាតិសាសន៍ជិត១០០០នាក់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាល និង ត្រួតពិនិត្យទីតាំងអគារកាស៊ីណូ«ស៊ិនលិ» កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយរកឃើញជនបរទេសជាង៨០០នាក់។
ប្រតិបត្ដិការនេះ ក្រោមការដឹកនាំរបស់លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និង មានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ហើយមានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត។
បើតាមរបាយការណ៍បឋម ពីកន្លែងកើតហេតុ គឺក្រុមការងារចម្រុះបានត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារនេះ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ មានជនជាតិជាច្រើនសរុប ៨០៥នាក់ ដោយក្នុងនោះមានចិន, កូរ៉េ, ជប៉ុន, អាមេរិក, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា និងខ្មែរ ផងដែរ។ ក្រៅពីនេះ សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនធំ រួមមាន៖ កុំព្យូទ័រ ៦៥០គ្រឿង និងទូរស័ព្ទដៃ ១ ០០០គ្រឿង។
ប្រតិបត្តិការរដ្ឋបាលនេះ បានអនុវត្តតាមស្មារតី នៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រួតពិនិត្យភាពស្របច្បាប់ នៃការស្នាក់នៅ និងបម្រើការងាររបស់ជនបរទេសនៅក្នុងខេត្ត។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងតែបន្តនីតិវិធីរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធផ្សេងៗទៀត និង ចាត់វិធានការទៅតាមផ្លូវច្បាប់៕