កម្ពុជា បន្ដតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹងសកម្មភាពឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ រំលោភបំពានដោយខុសច្បាប់ មកលើទឹកដីរបស់កម្ពុជា នៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃ វាយកម្ទេច បំផ្លិចបំផ្លាញចោល នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ស្ថិតក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក៏ត្រូវបានយោធាថៃ ជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងចាក់ដី លុបស្រះទឹក ផងដែរ។ា
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ ហើយជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ ក្នុងការបង្កើតភាពស្របច្បាប់ ចំពោះការកាន់កាប់ ដោយខុសច្បាប់លើទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជា កំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាព ជាមួយប្រទេសថៃ ក៏ដូចជា ជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរ ជាគោលការណ៍ ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយកម្លាំងនោះឡើយ៕